ឡាន Ferrari Daytona SP3 ថ្មី តម្លៃ ២,២៥លានដុល្លារ ផលិតតែ ៥៩៩គ្រឿង លក់អស់មុនបង្ហាញខ្លួន!

រថយន្ត Ferrari Daytona SP3 ថ្មី ដែលនឹងត្រូវផលិតត្រឹមតែ ៥៩៩គ្រឿង ឥឡូវនេះបានលក់ដាច់អស់បាត់ទៅហើយ ដោយអ្នកទិញ បានទិញយកមុនពេលថ្ងៃវាត្រូវបង្ហាញខ្លួនជាផ្លូវការទៅទៀត។

កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Ferrari បានរៀបចំកម្មវិធីបែបឯកជនមួយ នៅក្នុងប្រទេសអ៊ីតាលី ដោយអញ្ចើញអ្នកចូលចិត្តទិញរថយន្ត Ferrari (private collectors) ប្រហែល ៣០០នាក់ ចូលរួម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Enrico Galliera ប្រធានផ្នែកទីផ្សារ និងលក់ នៅក្នុងក្រុមហ៊ុន Ferrari បានបញ្ជាក់ថា រថយន្ត Ferrari Daytona SP3 តម្លៃមួយគ្រឿង ២,២៥លានដុល្លារ ចំនួន ៤៩៩គ្រឿង ត្រូវបានម្ចាស់រថយន្ត Ferrari Monza SP1 និង Ferrari Monza SP2 ដែលចូលរួម ទិញយកអស់បាត់ទៅហើយ ខណៈសល់ ១០០គ្រឿងទៀត ត្រូវបានលក់ឲ្យ private collectors ខាងលើ។

Ferrari Daytona SP3 មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំង ៨២៩សេះ ប្រើប៉ុងក្រោយ និងប្រអប់លេខ ៧វគ្គ ប្រភេទ F1 dual-clutch gearbox។ Ferrari អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨៥វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម