យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Ferrari កំពុងតែសម្ងំផលិតរថយន្តដ៏ពិសេស តែមួយគ្រឿងគត់ថ្មីមួយទៀត ហើយរថយន្តនឹងមានឈ្មោះថា SP48 Unica។
ជាមួយគ្នានេះ រូបថតថ្មីមួយសន្លឹកដែលបង្ហាញឲ្យឃើញឡូហ្គូឡាន Ferrari “SP48 Unica” ត្រូវបានចែកចាយនៅលើគេហទំព័រ Ferrari Chat forum ទៀតផង។ ប្រភពព័ត៌មានដដែលបានអះអាងថា រថយន្តនេះនឹងត្រូវផលិតផ្អែកលើម៉ូដែល F8 Tributo ប៉ុន្តែវានឹងទទួលបានការអាប់ដេតជាច្រើនគួរឲ្យកត់សម្គាល់។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការផលិតផ្អែកលើម៉ូដែល F8 Tributo មានន័យថា រថយន្តនេះនឹងប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង។ Ferrari ទំនងជាអាចធ្វើឲ្យវាមានកម្លាំងខ្លាំងជាងនេះ រហូតដល់ទៅខ្ទង់យ៉ាងហោចណាស់ ៧១០សេះ។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃរថយន្ត Ferrari SP48 Unica នៅមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ ដូច្នេះហើយយើងមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕