ឡាន Ferrari ពាសដែក តម្លៃខ្ទង់ ៦០ម៉ឺនដុល្លារ

ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា AddAmor បាន​បង្ហាញ​នូវ​រថយន្ត​ Ferrari 458 Speciale ​ដ៏​ពិសេស​មួយ​ ដែល​មាន​ការ​ពាស​ដែក​ផ្នែក​ខាង​ក្រៅ មើល​ទៅ​ប្រៀប​ដូច​ជា​រថយន្ត​ធម្មតា​អ៊ីចឹង។

AddAmor បាន​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​កម្រិត B4 លើ​រថយន្ត​​អ៊ីតាលី​មហា​កម្លាំង ដែល​វា​អាច​ធន់​នឹង​គាប់​កាំភ្លើង​ខ្លី រួម​ទាំង​គ្រាប់​កាំភ្លើង .44 Magnum ផង​ដែរ។ ​​ការ​ពាស​ដែក​ការពារ​លើ​រថយន្ត​នេះ​ដែរ បាន​បន្ថែម​ទម្ងន់​ត្រឹម ៧០​គីឡូក្រាម​ប៉ុណ្ណោះ​លើ​រថយន្ត​ ដោយ​សារ​គេ​បាន​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ពិសេស​ដែល​មាន​ភាព​រឹងមាំ​ជាង​ដែក​ធម្មតា​​១០​ដង ប៉ុន្តែ​ស្រាល​ជាង ៦០​%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​នេះ​គេ​បាន​ជ្រើស​រើស​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ស្រាលៗ​ជា​ច្រើន​ទៀត​លើ​រថយន្ត​ ​ជា​មួយ​ការ​បំពាក់​នូវ Option ប្រភេទ​សរសៃ​កាបូន​គ្រប់​ប្រភេទ​ដែល Ferrari មាន​ផ្ដល់​ជូន​សម្រាប់​រថយន្ត 458 Speciale និង​ប្រើ​បំពង់ស៊ីមាំង​ Capristo ដែល​មាន​ទម្ងន់​ស្រាល​ផង​ដែរ។ នេះ​មាន​ន័យ​ថា​ទម្ងន់​រថយន្ត​ក្រោយ​ពាស​ដែក​រួច​គឺ​ធ្ងន់​ជាង​ធម្មតា ៣០​គីឡូក្រាម ហើយ​តាម​រយៈ​ប្រព័ន្ធ​បំពង់ស៊ីមាំង​ដែល​ជួយ​បន្ថែម​កម្លាំង ៤០​សេះ​ទៀត មាន​ន័យ​ថា​ការ​ឡើង​ទម្ងន់​នេះ​ពិបាក​នឹង​មើល​ដឹង​ណាស់។

ក្រុមហ៊ុន AddAmor មិន​បាន​បញ្ជាក់​ថា​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​សម្រាប់​ការ​កែច្នៃ​រថយន្ត​ 458 Speciale នេះ​ដែរ​ ប៉ុន្តែ​បាន​និយាយ​ថា​វា​មាន​តម្លៃ​ប្រមាណ ៦២៥ ០០០​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម