GMC បានបង្ហាញចេញគំរូរថយន្ត Hummer EV ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ហើយរយៈពេលមួយឆ្នាំក្រោយមក GMC អាចសម្រេចតាមការសន្យាដោយរថយន្ត Hummer EV ដំបូងនឹងបានទៅដល់ដៃអតិថិជននៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមហ៊ុនបានបញ្ជាក់ថាការផលិតរថយន្ត Hummer EV Edition 1 ប៉ុន្មានគ្រឿងដំបូងគេគឺកំពុងស្ថិតក្នុងដំណើរការ ដោយអ្នកដែលបានកក់រថយន្តមុនគេនឹងបានរថយន្តជិះនៅមុនដំណាច់ឆ្នាំ២០២១នេះ។ ក្រុមហ៊ុន GMC និយាយថានេះគឺជាពេលវេលាឆាប់បំផុតដែលក្រុមហ៊ុនអាចផ្លាស់ប្ដូររថយន្តគំរូ ទៅកាន់រថយន្តផលិតសម្រាប់ទីផ្សារ។
ក្រុមហ៊ុនបាននិាយយថាខែវិច្ឆិកាគឺជាខែលំដាប់ទីពីរដែលមានអ្នកកុម្ម៉ង់ទិញរថយន្ត Hummer EV ច្រើនជាងគេ ដែលនេះបង្ហាញថាការបង្ហាញមុខបើកដំណើរការរោងចក្រ និងការឡើងបើករថយន្ត Hummer EV ពីសំណាក់ប្រធានាធិបតីអាមេរិកគឺបានជះឥទ្ធិពលយ៉ាងខ្លាំង។
រថយន្ត Hummer EV Edition 1 ដែលនឹងរំកិលចេញពីរោងចក្រនាខែក្រោយនេះ នឹងមានបំពាក់ម៉ូទ័រអគ្គិសនីបី ដែលអាចផលិតកម្លាំងបាន ១០០០សេះ និងស្ទុះដល់ ៩៦គ.ម/ម៉ ដោយប្រើពេលមិនដល់៤វិនាទី ហើយអាចបើកបរបានចម្ងាយ ៥២៩គីឡូម៉ែត្រពេលសាកភ្លើងពេញ៕