[ទីផ្សារបរទេស] រថយន្តអគ្គិសនីត្រូវបានគេយល់ឃើញថាជារថយន្តដែលជួយបរិស្ថាន ដោយសារតែរថយន្តប្រភេទនេះមិនសាយភាយឧស្ម័នពុលចូលក្នុងបរិយាកាសឡើយ។ យ៉ាងណាក្ដី ការសិក្សារបស់ស្ថាប័ន ACEEE បែរជាទទួលបានលទ្ធផលមួយគួរឲ្យភ្ញាក់ផ្អើល។
ស្ថាប័នខាងលើបានចេញផ្សាយការសិក្សាដែលរកឃើញថាការបំប្លែងថាមពលអគ្គិសនីសម្រាប់ផ្ដល់កម្លាំងដល់រថយន្តអគ្គិសនីនោះ បានបង្កើតឲ្យមានជាឧស្ម័នកាបូនឌីអុកស៊ីត ហើយករណីសម្រាប់រថយន្តអគ្គិសនី Hummer EV គឺបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទម្ងន់ ៣៤១ក្រាម ក្នុងចម្ងាយមួយម៉ាយ (ប្រមាណ ១,៦គ.ម)។
កម្រិតឧស្ម័នពុលនៃរថយន្តអគ្គិសនី Hummer EV គឺខ្ពស់ជាងរថយន្តដែលប្រើម៉ាស៊ីនសាំងមួយចំនួនទៀត ដូចជារថយន្ត Toyota Corolla ដែលផលិតឧស្ម័នចំនួន ២៦៩ក្រាម ក្នុងមួយម៉ាយ និងរថយន្ត Chevrolet Malibu ដែលផលិតឧស្ម័នចំនួន ៣២០ក្រាម ក្នុងមួយម៉ាយ។
ការដែលផលិតឧស្ម័នច្រើនបែបនេះគឺដោយសារតែ Hummer EV ជារថយន្តដែលមានទម្ងន់ធ្ងន់គឺរហូតដល់ ៤១១១គីឡូក្រាម និងមានរាងជាជ្រុងៗ ដែលតម្រូវឲ្យម៉ូទ័រប្រឹងធ្វើការខ្លាំងដើម្បីរុញច្រានទម្ងន់ដ៏សែនធ្ងន់នេះទៅមុខរួច។ យ៉ាងណាកម្រិតឧស្ម័ននេះគឺនៅទាបជាងរថយន្ត Hummer ប្រើម៉ាស៊ីនប្រេងឥន្ធនៈដែលផលិតឧស្ម័ន ៨៨៩ក្រាម ក្នុងមួយម៉ាយ៕