ឡាន Hybrid របស់ Toyota នឹងប្រើបច្ចេកវិទ្យាអាគុយថ្មី Solid-State Batteries មុនគេ

ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែប្រជែងគ្នាដើម្បីបង្កើនល្បឿននៃការបង្កើតអាគុយ Hybrid ថ្មី “Solid-State Batteries” ដែលអាចសាកភ្លើងបានលឿន និងផ្តល់ចម្ងាយបើកបរឆ្ងាយជាង អាគុយលីចូម-អ៊ីយ៉ុង (lithium-ion batteries) ដែលត្រូវបានប្រើក្នុងរថយន្តអគ្គិសនី ដូចជា Tesla Model 3។

ដើម្បីធ្វើឲ្យវាអាចកើតឡើងបាន ក្រុមហ៊ុន Mercedes, Stellantis និង Hyundai Group ថ្មីៗ​នេះ​បាន​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគុយ​របស់​សហរដ្ឋ​អាមេរិក Factorial Energy ក្នុង​គោល​បំណង​ចាប់​ផ្តើម​ផលិត​រថយន្តអគ្គិសនី ជាមួយ​នឹង​បច្ចេកវិទ្យាអាគុយ Solid-State Batteries ថ្មី ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ក្រុមហ៊ុន Toyota ឯណេះវិញ បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាអាគុយ Solid-State Batteries នៅក្នុងរថយន្តគំរូរបស់ខ្លួនបាត់ទៅហើយ។ ក្រុមហ៊ុន Toyota Motor Europe បានគូសបញ្ជាក់អំពីផែនការរថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន ជាមួយនឹងគោលបំណងដើម្បីសម្រេចបាននូវការកាត់បន្ថយឧស្ម័នកាបូនិច ១០០ភាគរយ ក្នុងការលក់រថយន្តថ្មី នៅឆ្នាំ ២០៣៥ ដែលជាគោលដៅអនុវត្តជាពិសេសចំពោះទីផ្សារអឺរ៉ុបខាងលិច។

បន្ទាប់ពីការធ្វើតេស្តគំរូរថយន្តនោះកាលពីឆ្នាំមុន ក្រុមហ៊ុន Toyota បានប្រកាសថា អាគុយ Solid-State Batteries នឹងត្រូវបានប្រើលើរថយន្ត Hybrid ជាមុនសិន មុនពេលដាក់ឲ្យប្រើប្រាស់ក្នុងរថយន្តអគ្គិសនីសុទ្ធ ដែលវានឹងផ្តល់នូវកម្លាំងខ្លាំង, ចម្ងាយបើកបរឆ្ងាយ និង រយៈពេលសាកភ្លើងតិចជាងមុន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងការបញ្ចេញរថយន្ត Hybrid ដែលបំពាក់បច្ចេកវិទ្យាអាគុយថ្មីនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម