[ទីផ្សារបរទេស] រថយន្ត Infiniti Q60 ជារថយន្តដែលទើបប្រកាសចេញលក់កាលពីឆ្នាំ២០១៦ ប៉ុន្តែក្រុមហ៊ុនបានត្រៀមដាក់រថយន្តមួយម៉ូដែលនេះឲ្យចូលនិវត្តន៍បាត់ទៅហើយ។
ក្រុមហ៊ុន Infiniti បានបញ្ជាក់ជាមួយ Car and Driver ថាដោយសារតែប្រជាប្រិយភាពនៃរថយន្តតួខ្ពស់ SUV ក្នុងវិស័យរថយន្តប្រណីត នាំឲ្យរថយន្ត Sedan ដូចជា Q60 ជាដើមពិបាកឈរជើងលើទីផ្សារ។ ការបញ្ឈប់ការផលិតនេះក៏ជួយបើកផ្លូវឲ្យ Infiniti ផ្ដោតការយកចិត្តទុកដាក់លើវិស័យរថយន្តអគ្គិសនីផងដែរ។
ការផលិតរថយន្ត Q60 នឹងត្រូវបន្តរហូតដល់ចុងឆ្នាំ២០២២ ប៉ុន្តែរថយន្តនេះនឹងបន្តដាក់លក់រហូតដល់ឆ្នាំ២០២៣ ដូចនេះអតិថិជនដែលចាប់អារម្មណ៍ចង់ទិញ នៅមានឱកាស។
ស្របពេលដែលរថយន្ត Q60 ត្រូវក្ស័យសង្ខារ មានន័យថានៅសេសសល់តែរថយន្ត Q50 ដែលជាម៉ូដែល Sedan នៅក្នុងត្រកូលរថយន្ត Infiniti ប៉ុន្តែរថយន្ត Q50 ក៏រំពឹងថានឹងមិនមានអាយុវែងប៉ុន្មានដែរ ដោយសារការគំរាមកំហែងពីការពេញនិយមរថយន្ត SUV៕