ក្រុមហ៊ុន FCA បានឲ្យដឹងថានៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១នេះ ខ្លួនអាចលក់រថយន្តបានចំនួន ៤៨៥ ៣១២គ្រឿងនៅសហរដ្ឋអាមេរិក ដែលមានកំណើន ៣២% បើធៀបនឹងត្រីមាសទីពីរកាលពីឆ្នាំ២០២០។
ក្នុងរបាយការណ៍របស់ FCA បានប្រកាសផងដែរថារថយន្ត Jeep Wrangler 4xe បានក្លាយជារថយន្តប្រភេទ PHEV ដែលលក់ដាច់បានច្រើនជាងគេលំដាប់ទី១នៅលើទីផ្សារ។ យ៉ាងណាក្ដី FCA មិនបានបញ្ជាក់អំពីចំនួនលក់ជាក់លាក់នៃរថយន្តម៉ូដែលនេះឡើយ ដោយបានត្រឹមបញ្ជាក់ថារថយន្ត Wrangler គ្រប់ប្រភេទគឺអាចលក់ចេញបាន ៦៩ ០២០គ្រឿង។
គួរដឹងថារថយន្ត Toyota Prius Prime អាចលក់ចេញបានចំនួន ១១ ៨៦៣គ្រឿងនៅសហរដ្ឋអាមេរិក នាត្រីមាសទីពីរ ហេតុនេះគេបានប៉ាន់ស្មានថារថយន្ត Jeep Wrangler 4xe ទំនងជាលក់បានយ៉ាងហោចណាស់ ១២ ០០០គ្រឿងដែរ។
អតិថិជនទំនងជាពេញចិត្តខ្លាំងលើរថយន្ត Off-Road ដែលមានសមត្ថភាពអាចបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងអាចសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អប្រសើរផងដែរ៕