[បរទេស] បន្ទាប់ពីបង្ហាញចេញរូបភាពប៉ាតង់នាពេលកន្លងមក ពេលនេះត្រូវបានគេប្រទះឃើញ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើតេស្តបើកបរសាកល្បងទៅលើរថយន្ត MG3 ស៊េរីឆ្នាំ ២០២៤ ប្រភេទ hatchback ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid ដែលផលិតឡើងផ្តោតសំខាន់ទៅលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុបគ្រោងនឹងចេញលក់នៅឆ្នាំក្រោយ ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានបំផុសគំនិតពីរថយន្ត MG5 ប្រភេទ Sedan ដោយនៅផ្នែកខាងមុខឌីស្សាញឡើងបែប shark-nose មានប៉ាណាទំហំធំ ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ត្រូវឌីស្សាញថ្មីទំហំ ១៦ អ៉ីញ ផ្តល់រូបរាងកាន់តែស្ព័រ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានព័ត៌មានលម្អិតនៅឡើយ ប៉ុន្តែតាមរូបភាពបានបង្ហាញពីកៅអីស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនី MG4 និងគ្រឿងបរិក្ខាផ្សេងៗទៀតអាចត្រូវបានយកចេញពីរថយន្ត MG5 និង MG4 ផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយលីដ្យូមទំហំ ២,១ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ៕