[ទីផ្សារបរទេស] កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Dongfeng Nissan នៅក្នុងប្រទេសចិនបានធ្វើការបង្ហាញពីការលក់រថយន្ត Nissan Venucia ស៊េរីឆ្នាំ ២០២២ ប្រភេទ SUV ថ្មី ដែលបានកើនឡើងការលក់ដល់ ១៣៣,៦% ពីមួយឆ្នាំទៅមួយឆ្នាំដោយការលក់បានរថយន្តជាង ១០,០០០ គ្រឿង ដែលមានតម្លៃចាប់ពី ១៥ ៨០៧ ដុល្លារ ដល់ ២០ ៤០០ ដុល្លារ។
សម្រាប់រថយន្ត Venucia គឺជាឈ្មោះទីក្រុងរបស់ចិន ចំណែកក្រុមហ៊ុន Dongfeng Nissan Passenger Vehicle Company (Dongfeng Nissan) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dongfeng Motor Co., Ltd.។ ក្នុងនោះរថយន្តនេះមានប្រវែងសរុប ៤,៥៦២ ម.ម, ទទឹង ១,៩១៧ ម.ម, កំពស់ ១,៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០០ ម.ម។
ចំពោះការការរចនាផ្នែកខាងក្រៅ រថយន្តថ្មីបានភ្ជាប់មកជាមួយនៅប៉ាណាមុខធំ ជាមួយនឹងឡូហ្គោអក្សរ V នៅផ្នែកខាងមុខ, ចង្កៀងមុខរាងស្រួចមានលក្ខណៈបែបស្ព័រ។ ខណៈផ្នែកចំហៀងមានបំពាក់ជាមួយថាសកង់ alloy និងចង្កៀងភ្លើងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Nissan Venucia ស៊េរីឆ្នាំ ២០២២ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbo បង្កើតកម្លាំងបាន ១៩០ សេះ កម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងកម្រិតស៊ីសាំង ៦,៦ លីត្រ/១០០ គីឡូម៉ែត្រ ឬប្រហែល ១៥,១ គីឡូម៉ែត្រ/លីត្រ៕