ឡាន Rolls-Royce ប្រើអគ្គិសនីសុទ្ធនឹងមានបំពាក់យ៉ាន់ធំទំហំដល់ ២៣អ៉ីញ

[ទីផ្សារបរទេស] ក្រុមហ៊ុន Rolls-Royce បានបង្ហាញចេញរូបភាពថ្មីៗជាច្រើនអំពីរថយន្ត Rolls-Royce Spectre ដែលបង្ហាញអំពីការបើកបរសាកល្បងរថយន្តនេះនៅឯប្រទេសស៊ុយអែត ក្នុងទីតាំងរបស់សម្ព័ន្ធ BMW Group។

បន្ថែមពីលើរូបភាពថ្មីៗ Rolls-Royce បានឲ្យដឹងថារថយន្ត Spectre នឹងជារថយន្តប្រភេទ Coupe ដែលមានបំពាក់យ៉ាន់កង់ធំបំផុតមិនធ្លាប់មានជាមួយរហូតដល់ ២៣អ៉ីញឯណោះ។ បន្ថែមពីនេះរថយន្ត​នេះក៏មានបំពាក់អាគុយដែលមានទម្ងន់ ៧០០គីឡូក្រាម ដែលអាគុយនេះផ្ទាល់មានមុខងារចំនួនពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការផ្ដល់ជាថាមពលដល់ម៉ូទ័រអគ្គិសនីហើយនោះ អាគុយលើរថយន្ត Spectre ក៏បានដើរតួធ្វើជាអ្នកជួយទប់សំឡេងរំខាន ដែលធ្វើឲ្យកាបីនខាងក្នុងរថយន្តមានសភាពកាន់តែស្ងប់ស្ងាត់ ដោយសារ​អាគុយនេះ​ត្រូវបានប្រើប្រាស់ជាវត្ថុធាតុ​សម្រាប់​បន្ថយសំឡេងដើម្បីកាត់សំឡេងខាងក្រៅ និងសំឡេងផ្លូវជាដើម។

ក្រោយការធ្វើតេស្តនៅប្រទេស៊ុយអែតបានបិទបញ្ចប់ Rolls-Royce បានរំលឹកឲ្យដឹងថារថយន្ត Spectre សម្រេចបាននូវមួយភាគបួននៃកម្មវិធីធ្វើតេស្តសរុប ដែលការធ្វើតេស្តទាំងមូលនឹងមានចម្ងាយ ២,៥លានគីឡូម៉ែត្រ ហើយរថយន្តនេះរំពឹងថានឹងចេញលក់លើទីផ្សារក្នុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម