Rolls-Royce Spectre គឺជារថយន្តអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុន ដែលវត្តមានរបស់វាត្រូវបានប្រកាសចេញកាលពីខែកញ្ញាកន្លងទៅ អមជាមួយវីដេអូខ្លីមួយដែលបង្ហាញអំពីរូបរាងរបស់វា។ ថ្មីៗនេះដែររថយន្តគំរូនៃ Spectre ត្រូវបានប្រទះឃើញបើកបរសាកល្បងនៅទីសាធារណៈដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីចំណុចពិសេសមួយចំនួន ជាពិសេសគឺការឌីហ្សាញតែម្ដង។
នៅផ្នែកខាងមុខគេឃើញថារថយន្តនេះមានប្រើប្រាស់អំពូលភ្លើងប្រភេទបែកចេញជាពីរផ្នែក ស្របពេលដែលនៅរក្សាផ្ទាំងប៉ាណាដែលជាអត្តសញ្ញាណរបស់ Rolls-Royce ដដែល ហើយផ្នែកខាងមុខក៏មានបំពាក់ដោយ Sensor ADAS ផងដែរ។
មើលទៅចំហៀងឃើញថារថយន្ត Spectre មានទ្រង់ទ្រាយស្រដៀងនឹងរថយន្ត Wraith ខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយវាគឺជារថយន្តម៉ូដែលថ្មីសន្លាង ដែលប្រើប្រាស់គ្រោងឆ្អឹងដែលដូចគ្នាទៅនឹងរថយន្ត Phantom, Ghost និងរថយន្ត Cullinan ដែរ។
រថយន្ត Spectre រំពឹងថានឹងលេចមុខកាន់តែញឹកញាប់ក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយសាររថយន្តអគ្គិសនីនេះនឹងចាប់ផ្ដើមការធ្វើដំណើររយៈចម្ងាយ ២,៥លានគីឡូម៉ែត្រ នៅពាសពេញពិភពលោក ដើម្បីធ្វើតេស្តជាមួយស្ថានភាពផ្លូវ និងធាតុអាកាសច្រើនប្រភេទផ្សេងគ្នា។
នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ឲ្យដឹងថារថយន្ត Spectre នឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជននៅក្នុងអំឡុងត្រីមាសទីបួននៃឆ្នាំ២០២៣ខាងមុខនេះ៕