ឡាន SUV របស់ MG ស៊េរីថ្មី មានអ្នកកក់ច្រើនពេក រហូតផ្អាកទទួលទិញ

ក្រុមហ៊ុន​ MG Motor ប្រចាំ​ប្រទេស​ឥណ្ឌា ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង ដោយ​អាច​ទទួល​បាន​ការ​កក់​ទិញ​រហូត​ដល់ ២ ម៉ឺន​គ្រឿង​លើ​​​រថយន្ត SUV ស៊េរី​ថ្មី​ម៉ូដែល Hector ក្រោយ​ពី​ចេញ​លក់​បាន​ ៤៥ ថ្ងៃ។

ដោយ​សារ​មិន​បាន​រំពឹង​ទុក​ថា​មាន​អ្នក​កក់​ទិញ​ច្រើន​បែប​នេះ ក្រុមហ៊ុន​បាន​សម្រេច​បញ្ឈប់​ទទួល​ការ​កក់​ទិញ​ជា​បណ្ដោះ​អាសន្ន ដោយ​សារ​ចំនួន​រថយន្ត​សម្រាប់​លក់​ឆ្នាំ​នេះ បាន​អស់​ពី​ស្តុក​ទៅ​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Motor India ពេល​នេះ​កំពុង​ខិត​ខំ​បង្កើន​ចំនួន​ផលិត​នៅ​រោងចក្រ​ Halol ឲ្យ​បាន​ ៣០០០ គ្រឿង​ក្នុង​មួយ​ខែ ដែល​អាច​ទទួល​បាន​នៅ​ខែ​តុលា ឆ្នាំ ២០១៩ ខាង​មុខ។ ក្រុមហ៊ុន​នេះ​លក់​រថយន្ត​ Hector ចំនួន ៤ ប្រភេទ មាន​ប្រភេទ Style, Super, Smart និង Sharp ដោយ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ប្រមាណ ១៨ ៥៧០ ដុល្លារ។

រថយន្ត Hector មាន​ជម្រើស​ម៉ាស៊ីន​ Turbocharged ចំណុះ ១,៥ លីត្រ ផលិត​កម្លាំង​បាន​ ១៤៣ សេះ និង​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ប្រភេទ Turbocharged ចំណុះ ២,០ លីត្រ បង្កើត​កម្លាំង​បាន​ ១៧០ សេះ។ រថយន្ត​នេះ​ក៏​មាន​ជម្រើស​ម៉ាស៊ីន​សាំង​ប្រើ​ប្រព័ន្ធ Hybrid ផង​ដែរ។ ជម្រើស​ប្រអប់​លេខ​វិញ​គឺ​មាន​ស្វ័យ​ប្រវត្តិ ៦ វគ្គ និង​លេខ​ដៃ ៦ វគ្គ។

ចំពោះ​ប្រភេទ Hybrid ​ប្រេង​មួយ​លីត្រ​ជិះ​បាន​ចម្ងាយ ១៥,៨១ គ.ម។ ប្រភេទ​​ប្រេង​សាំង​ប្រើ​លេខ​ដៃ​ ១ លីត្រ​ជិះ​បាន​ ១៤,១៦ គ.ម ប្រភេទ​ប្រើ​លេខ​ស្វ័យប្រវត្តិ​ជិះ​បាន​ ១៣,៩៦ គ.ម។ ចំណែក​ប្រភេទ​ម៉ាស៊ូត​​ប្រេង​ ១ លីត្រ​ជិះ​បាន ១៧,៤១ គ.ម។


​​
រថយន្ត​នេះ​ក៏​មាន​មុខងារ​ទំនើប​ៗ​ដូច​ជា​ អេក្រង់​ Touch ទំហំ ១០,៤ អ៊ីញ សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ​និង​បម្រើ​ការ​កម្សាន្ត, Sensor ជំនួយ​ដល់​ការ​ចត, កាមេរ៉ា​មើល​ឃើញ ៣៦០ ដឺក្រេ, ភ្លើង​ខាង​ក្នុង​មាន​ ៨ ពណ៌, កៅអី​អាច​សារ៉េ​បាន​ ៤ បែប និង​ប្រើ​ប្រព័ន្ធ​សំឡេង​ Infinity ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម