ឡាន SUV លក្ខណៈគ្រួសារកៅអី ៣ជួររបស់ Chery ចេញលក់នៅប្រទេសចិនតម្លៃតែ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់ចេញលក់ផ្លូវការនៅរថយន្ត Chery Tiggo 7 ស៊េរីឆ្នាំ ២០២៤ ទទួលបានឌីស្សាញបន្ថែមនៅផ្នែកខាងក្នុង ប្រភេទ SUV លក្ខណៈគ្រួសារកៅអី ៣ជួរ ដែលមានតម្លៃលក់ចាប់ពី ១០ ៣០០ ដុល្លារ ដល់ ១៣ ៤០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥០០ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៧៤៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ និងអូតូ ៩វគ្ក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌិស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខតុបតែងជាមួយក្រូម៉េរូបរាងថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ជាដើម ។ លើសពីនេះ មានភ្ជាប់មកដោយកាមេរ៉ា និង ultrasonic radars ចំនួន ៣ ដើម្បីធ្វើឲ្យប្រព័ន្ធជំនួយការអ្នកបើកបរកាន់តែប្រសើរឡើង ។

ចំពោះនៅផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញថ្មីផ្តល់នៅទំហំធំជាងមុន ខណៈនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេង ៦ចំនុច និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម