ឡាន Toyota Crown នឹងមានលក់ជាប្រភេទសាកភ្លើងបាន

[ទីផ្សារបរទេស] យើងបានដឹងរួចមកហើយថា Toyota Crown នឹងមាន​ចេញ​លក់​ជា​មួយ​ជម្រើស​ម៉ាស៊ីន Hybrid ពីរ​ប្រភេទ ជាមួយ​រូបរាងចំនួន៤ប្រភេទផ្សេងៗគ្នារបស់វា។

ពេលនេះដែរ បើតាម Motor Trend ឲ្យដឹងថារថយន្តជំនាន់ថ្មីនេះនឹងមាន​ជា​ជម្រើស PHEV មួយទៀត។ លោក Akio Toyoda បាន​លើក​ឡើង​ពី​ប្រភេទ PHEV នេះដោយផ្ទាល់ នៅ​ក្នុង​ជំនួបជាមួយ​ឈ្មួញលក់រថយន្តនៅឯទីក្រុង Las Vegas កាលពី​ដើម​សប្ដាហ៍។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលប្រកាសចេញដំបូង រថយន្ត Toyota Crown ជំនាន់ថ្មី មានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ ដោយ​ម៉ាស៊ីន Hybrid ស្តង់ដារគឺមាន​ប្រើ​ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីពីរ ឯប្រភេទ Hybrid Max វិញ មានប្រើម៉ាស៊ីន ២,៤លីត្រ ប្រភេទ Turbocharged ជាមួយ​ម៉ូទ័រអគ្គិសនីពីរនៅខាងមុខ និងខាងក្រោយ។

អំពីប្រភេទ PHEV លោក Toyoda មិនបានប្រាប់ពីលក្ខណៈសម្បត្តិរបស់វានោះទេ ប៉ុន្តែវាទំនង​ជា​ប្រើអាគុយ​ទំហំធំ ដើម្បី​អាចផ្ដល់​ចម្ងាយឆ្ងាយសម្រាប់ការបើកដោយប្រើថាមពលអគ្គិសនីសុទ្ធ។ គួរដឹងថា​ Toyota បាន​មានប្រើប្រាស់រួចមកហើយនូវបច្ចេកវិទ្យា PHEV នេះ ដោយបានប្រើលើរថយន្ត RAV4 Prime ហើយវាអាចផ្ដល់ចម្ងាយបើកបរបាន ៦៧គីឡូម៉ែត្រ បើ​ប្រើ​ថាមពល​អគ្គិសនីសុទ្ធ ជាមួយអាគុយ ១៨,១kWh៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម