រថយន្ត Toyota Mirai មួយគ្រឿង ទទួលបានកំណត់ត្រាពិភពលោកជារថយន្តអ៉ីដ្រូហ្សែនដែលបើកបរបានចម្ងាយឆ្ងាយជាងគេ ដោយមិនចាក់បំពេញអ៉ីដ្រូហ្សែនបន្ថែមឡើយ។ រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ១៣៦០គ.ម ពេលបើកបរនៅភាគខាងត្បូង California កាលពីខែសីហា។
រថយន្ត Toyota Mirai ដែលជាប់កំណត់ត្រាពិភពលោកនេះបានធ្វើដំណើររយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែសីហា ដោយវាបានចាក់អ៉ីដ្រូហ្សែនតែមួយលើកប៉ុណ្ណោះ គឺពេលចាប់ផ្ដើមចេញដំណើរ ដែលប្រើពេល ៥នាទី។
ចំណុចចាប់ផ្ដើមនៃដំណើរប្រវែងជាង ១ពាន់គីឡូម៉ែត្រនេះគឺនៅទីតាំងមជ្ឈមណ្ឌលបច្ចេកទេស Toyota នៅក្រុង Gardena រដ្ឋ California ដោយថ្ងៃដំបូងគេបានបើកបរអស់ចម្ងាយ ៧៦១គីឡូម៉ែត្រ និងថ្ងៃបន្ទាប់មកទៀត បន្តបើកបរចម្ងាយ ៥៩៩គីឡូម៉ែត្របន្ថែមទៀត។
រយៈពេលពីរថ្ងៃនេះ រថយន្ត Mirai បានប្រើប្រាស់អ៉ីដ្រូហ្សែនអស់ចំនួន ៥,៦៥គីឡូក្រាម ដែលមិនមានបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសឡើយ គឺបញ្ចេញតែចំហាយទឹកមួយចំនួនប៉ុណ្ណោះ។ Toyota បានប៉ាន់ស្មាន សម្រាប់រថយន្តម៉ាស៊ីនពីស្តុងប្រហែលជាអាចបញ្ចេញឧស្ម័នពុលកាបូនិចចំនួន ៣០១គីឡូក្រាម ក្នុងរយៈចម្ងាយបើកបរដូចគ្នានេះ៕