រថយន្តប្រភេទ Sedan ស្ព័រខ្នាតតូច Genesis G70 របស់ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង ដែលជាគូប្រជែងរបស់ BMW 3 Series បានផ្តោតខ្លាំងលើការបើកបរ , ប្រណីតភាព , ភាពទាក់ទាញ និង រចនាបទដ៏ល្អឥតខ្ចោះ។
ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ Hyundai និងជាម៉ាកសញ្ញាប្រណីតរបស់កូរ៉េ Genesis បានអះអាងថា ម៉ូដែល G70 មានគ្រោងឆ្អឹងរឹងមាំបំផុត ជាមួយនឹងស្ថាបត្យកម្មអាលុយមីញ៉ូម និង ដែកមានគុណភាពខ្ពស់។ មិនតែប៉ុណ្ណោះ Genesis G70 ត្រូវបានគេធ្វើឲ្យទាបជាងមុន ដើម្បីជួយសម្រួលដល់ការបើកបរមិនឲ្យចាញ់ខ្យល់ផងដែរ។
រថយន្ត Genesis G70 ស៊េរីឆ្នាំ ២០១៩ ប្រភេទ Base Model នឹងបំពាក់ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៥២ សេះ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប៉ុន្តែក៏មានជម្រើសប្រអប់លេខដៃ ៦ វគ្គដែរ។
ចំពោះប្រភេទលេខដៃ ម៉ូដែល G70 នឹងផ្តល់នូវ Option “Performance Package” ដែលធ្វើឲ្យម៉ាស៊ីនរបស់វាមានកម្លាំងខ្លាំងជាងមុន (២៥៥ សេះ) , ប្រព័ន្ធបំពង់ស៊ីម៉ាំងបែបស្ព័រ , ហ្វ្រាំង Brembo ដែលមានគុណភាពខ្ពស់ រួមទាំងការធ្វើឲ្យរថយន្តស្រាលជាងមុនទៀតផង។
ចំណែកឯ Genesis G70 ប្រភេទម៉ាស៊ីនធំវិញ គឺ ចំណុះ ៣,៣ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង បង្កើតកម្លាំងបាន ៣៦៥ សេះ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ វាអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥ វិនាទីប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ម៉ាស៊ីនទាំង ២ នេះសុទ្ធតែមាន Option ប៉ុង ២ ប្រភេទ All-Wheel Drive សម្រាប់ឲ្យជ្រើសរើសបន្ថែម។ យ៉ាងណាក៏ដោយ ចំពោះតម្លៃរបស់វា ក្រុមហ៊ុននឹងបញ្ជាក់បន្ថែមទៀត នៅពេលដាក់បង្ហាញជាផ្លូវការ នាប៉ុន្មានសប្តាហ៍ខាងមុខនេះ៕