ឡានគូប្រជែង Tesla ចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ហើយ

ក្រោយ​ពី​បាន​បង្ហាញ​មុខ​​រថយន្ត​ P7 ​កាល​ពី​ឆ្នាំ​មុន​រួច​មក នា​ពេល​នេះ​ក្រុមហ៊ុន Xpeng Motors បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​សម្រាប់​រថយន្ត​ Sedan អគ្គិសនី ដែល​ជា​គូ​ប្រជែង​របស់ Tesla Model S មួយ​នេះ។

ក្រុមហ៊ុន Xpeng មិន​បាន​បង្ហាញ​លម្អិត​អំពី​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត P7 នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​មាន​បំពាក់​អាគុយ​ទំហំ ៨០,៩ គីឡូវ៉ាត់​ម៉ោង ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ ឬ​វិល​កង់​ទាំង​អស់។ ​រថយន្ត​នេះ​អាច​ជិះ​បាន​ចម្ងាយ​ ៥៦៨ គ.ម ពេល​សាក​មួយ​ពេញ ហើយ​វា​ក៏​​មាន​ប្រភេទ Super-Long Range ដែល​ជិះ​បាន​ចម្ងាយ​ដល់ ៧០៦ គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេល​អស់​ថាមពល​ រថយន្ត​ P7 អាច​សាក​ពី ៣០% ដល់ ៨០% ប្រើ​ពេល​ប្រមាណ ២៨នាទី​ប៉ុណ្ណោះ។ រថយន្ត​នេះ​ក៏​មាន​សមត្ថភាព​ផ្ដល់​ការ​បើកបរ​ចម្ងាយ ១២០ គ.ម ពេល​សាក​រយៈពេល ១០នាទី។

ខណៈ​ដែល​ប្រព័ន្ធ​ម៉ាស៊ីន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ Level 3។ រថយន្ត​នេះ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឈ្មោះ XPILOT 3.0 ដែល​ប្រើ​កាមេរ៉ា​ចំនួន ១៤, Sensor Ultrasonic ចំនួន ១២ និង​រ៉ាដា​​ចាប់​រលក​សញ្ញា ដែល​អាច​ផ្ដល់​ព័ត៌មាន​​លម្អិត​ជុំវិញ​រថយន្ត​បាន​យ៉ាង​ល្អ។ ប្រព័ន្ធ XPILOT 3.0 អាច​ឲ្យ P7 បើក​ទៅ​មុខ​ដោយ​ខ្លួន​ឯង​​ក្រោម​ស្ថានភាព​ណា​មួយ ហើយ​វា​អាច​ចូល​ចត​ដោយ​ខ្លួន​ឯង​ផង​ដែរ។

P7 បច្ចុប្បន្ន​នេះ​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ចិន ដែល​ការ​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ដំបូង​អាច​នឹង​ចាប់​ផ្ដើម​នា​ខែ​មិថុនា។ តម្លៃ​របស់​វា​មាន​ចាប់​ពី​ប្រមាណ​ ៣២ ៤៤២ដុល្លារ ដល់ ៤៧ ៩៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម