កាលពីថ្មីៗកន្លងនេះម៉ាករថយន្ត Hongqi ដែលជាម៉ាករថយន្តប្រណីតមួយរបស់ចិន បានដាក់លក់រថយន្ត Hongqi H9 របស់ខ្លួនក្នុងទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួមជាផ្លូវការ។
នៅទីក្រុងឌុយបៃរថយន្ត Hongqi H9 មានដាក់លក់ក្នុងតម្លៃប្រមាណ ៦២ ៥៩៣ដុល្លារ ដល់ប្រមាណ ៨៤ ៣៧៤ដុល្លារ ដែលតម្លៃនេះហាក់ខ្ពស់ជាងតម្លៃលក់នៅប្រទេសចិនបន្តិចបន្តួច។ រថយន្ត Hongqi H9 បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសចិនកាលពីខែមករាឆ្នាំ ២០២០ ប៉ុន្តែដល់ខែសីហា ទើបគេដឹងអំពីតម្លៃរបស់វា។
រថយន្តម៉ូដែល H9 នេះតាមពិតទៅគឺបានឌីហ្សាញឡើងដោយអ្នកឌីហ្សាញឈ្មោះ Giles Taylor ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុនរថយន្តអង់គ្លេស Rolls-Royce។ ដូចនេះហើយ រូបរាងរបស់វាមើលទៅហាក់ស្រដៀងនឹងរថយន្ត Rolls-Royce អ៊ីចឹងដែរ។
រថយន្តដែលលក់នៅឌុយបៃគឺមានបំពាក់ម៉ាស៊ីនដូចនៅប្រទេសចិនដែរ ដោយមានជម្រើសម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង និងជម្រើសម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង៕