លោក Matt Farah ដែលជាស្ថាបនិកនៃគេហទំព័រ The Smoking Tire បានទិញរថយន្ត Lexus LS400 ស៊េរីឆ្នាំ ១៩៩៦ មួយគ្រឿង កាលពី ៥ ឆ្នាំមុន ដោយពេលនោះវាត្រូវបានគេប្រើចម្ងាយ ៨៥០ ០០០ ម៉ាយ៍ (១ ៣៦៧ ៩៤២ គីឡូម៉ែត្រ) រួចទៅហើយ។
ចាប់តាំងពីពេលនោះមក លោក Matt បានដាក់ជួលរថយន្តនោះទៅឲ្យអ្នកដែលមានគម្រោងធ្វើដំណើរទៅផ្លូវឆ្ងាយៗ។ ជាការពិតណាស់ ស្ថាបនិករូបនេះមានគោលបំណងចង់ឲ្យរថយន្ត Lexus ខាងលើ ឈានចូលកុងទ័រលេខ ១ លានម៉ាយ៍។
គិតរហូតមកទល់ពេលនេះ រថយន្តប្រភេទ Sedan របស់ជប៉ុននោះ ត្រូវបានគេប្រើចម្ងាយ ៩៩៩ ៣៦៩ ម៉ាយ៍ (១ ៦០៨ ៣២៨ គីឡូម៉ែត្រ) ទៅហើយ ពោលគឺនៅខ្វះតែ ៦៣១ ម៉ាយ៍ (១ ០១៥ គីឡូម៉ែត្រ) ទៀតប៉ុណ្ណោះ ប៉ុន្តែវានៅតែអាចដំណើរការបានយ៉ាងល្អ។
Lexus LS400 ស៊េរីចាស់មួយគ្រឿងនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) មានកម្លាំង ២៦០ សេះ ដំណើរការដោយប្រអប់លេខអូតូ ៤ វគ្គ ជាមួយនឹងប្រព័ន្ធបើកបរប៉ុងមួយវិលកង់ក្រោយ RWD។ ម៉ាស៊ីនដ៏ពិសេសនេះមានកេរ្តិ៍ឈ្មោះល្អខ្លាំងណាស់ ដោយសារតែគុណភាព និងភាពធន់ដ៏ល្អឥតខ្ចោះរបស់វា៕