ទន្ទឹមនឹងការប្រកាសចេញរថយន្តថ្មីៗជាច្រើននៅក្នុងឆ្នាំ ២០២០ បណ្ដាក្រុមហ៊ុនរថយន្តក៏បានប្រាប់អំពីផែនការបញ្ឈប់ការលក់រថយន្តជាច្រើនម៉ូដែលចាប់ពីឆ្នាំ ២០២១ តទៅផងដែរ។
រថយន្តទាំងប៉ុន្មានម៉ូដែលខាងក្រោមនេះនឹងបញ្ឈប់ការផលិត ហើយនឹងមិនមានលក់បន្តទៀតនៅលើទីផ្សារសហរដ្ឋអាមេរិក ឬនៅលើពិភពលោកទាំងមូលចាប់ពីឆ្នាំ ២០២១ នេះ។
១. BMW i8
ចេញលក់លើទីផ្សារបានរយៈពេល ៦ឆ្នាំ វាដល់ពេលដែលរថយន្ត PHEV ប្រណីតមួយនេះបញ្ឈប់ការលក់ជាផ្លូវការ។ គេរំពឹងថានឹងមានរថយន្តចូលមកជំនួស BMW i8 ដែលនឹងផលិតឡើងផ្អែកតាម Concept ឈ្មោះ Vision M Next។
២. Toyota Yaris Hatchback (លែងមាននៅអាមេរិក)
រថយន្ត Toyota Yaris Hatchback គឺជារថយន្តដ៏ពេញនិយមមួយសម្រាប់អ្នកចូលចិត្តរថយន្តតូចៗ ប៉ុន្តែចំនួនលក់នៅសហរដ្ឋអាមេរិកមិនសូវជាល្អប៉ុន្មានឡើយ។ នៅឆ្នាំ ២០១៩ រថយន្តនេះលក់ចេញបានមិនដល់ ២២ ០០០គ្រឿងផងនៅសហរដ្ឋអាមេរិក។
៣. Honda Civic Coupe
Honda កំពុងត្រៀមខ្លួនបង្ហាញចេញរថយន្ត Civic ជំនាន់ថ្មីជំនាន់ទី១១ ហើយមុនការបង្ហាញចេញជាផ្លូវការ រថយន្តនេះមានការផ្លាស់ប្ដូរមួយចំនួន។ Honda Civic Coupe ដែលជាប្រភេទទ្វារពីរនឹងលែងមានលក់ គឺមានតែប្រភេទ Sedan និង Hatchback។
៤. Honda Fit/Jazz
Honda បានដករថយន្ត Fit ឬ Jazz ចេញពីបញ្ជីផលិតផលរបស់ខ្លួន។ ត្បិតថាវាជារថយន្តតូចដែលមានតម្លៃធូរ ប៉ុន្តែមិនសូវជាលក់ដាច់បានច្រើនប៉ុន្មានឡើយ។
៥. Ford Fusion
Fod បានប្រកាសពីផែនការបញ្ឈប់ការផលិតរថយន្ត Sedan គ្រប់ប្រភេទកាលពីឆ្នាំ ២០១៨ ហើយរថយន្ត Sedan ចុងក្រោយដែលក្រុមហ៊ុនបានសម្លាប់ចោលនោះគឺ Ford Fusion នេះឯង។
៦. Lexus GS
ក្រោយពីបង្ហាញមុខអស់រាប់សិបឆ្នាំ និងបានឆ្លងកាត់បានរហូតដល់ ៤ជំនាន់ហើយនោះ រថយន្ត Lexus GS នឹងត្រូវបញ្ឈប់ការផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២១ តទៅ៕