កាលពីថ្មីៗនេះម៉ាកយីហោរថយន្តចិន Hongqi បានប្រកាសចេញរថយន្តស៊េរីថ្មី Hongqi H5 ជាប្រភេទ Sedan ដែលរថយន្តនេះមានប្រើប្រាស់គ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Mazda6 ដែរ។
រថយន្ត Hongqi H5 នេះមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ ដែលមានតម្លៃធូរថ្លៃត្រឹមចាប់ពីប្រមាណ ២៣ ២៦៥ដុល្លារ ដល់ថ្លៃបំផុតប្រមាណ ២៧ ២៦០ដុល្លារ។ ការរចនារបស់ Hongqi H5 មានភាពលេចធ្លោជាពិសេសនៅផ្នែកខាងមុខដែលមានផ្ទាំងប៉ាណាទំហំធំ មានអមដោយអំពូលភ្លើងប្រភេទ LED ដែលមានការឌីហ្សាញបែបស្រួច។
នៅផ្នែកខាងក្នុងមើលទៅមានបំពាក់ដោយបរិក្ខារទំនើបៗ មិនចាញ់រថយន្តប្រណីតតម្លៃថ្លៃប៉ុន្មានឡើយ។ មុខងារមួយចំនួនលើរថយន្តនេះអាចបញ្ជាបានដោយប្រើប្រាស់នូវសំឡេង, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កៅអីស្រោបដោយស្បែក, ភ្លើងបំភ្លឺខាងមុខ និងកុងទ័រប្រភេទ LCD ជាដើម។
ត្បិតថាមានគ្រោងឆ្អឹងដូចជា Mazda6 មែន ប៉ុន្តែផ្នែកម៉ាស៊ីនរបស់ Hongqi H5 រាងលេចធ្លោ និងសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អទៀតផង។ រថយន្តនេះប្រើម៉ាស៊ីនចំណុះ ១,៨លីត្រ ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ១៩៧សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ។ ចំពោះកម្រិតស៊ីប្រេងគឺ ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រមាណ ៦,៤លីត្រ៕