រថយន្តប្រើម៉ាស៊ីនសាំង និង រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត ត្រូវបានប្រើប្រាស់ជាម៉ាស៊ីនចំហេះក្នុង ដែលវាមានដំណើរការប្រហាក់ប្រហែលនឹងគ្នា ប៉ុន្តែមានចំនុចខុសគ្នា និងអត្ថប្រយោជន៍ក៏ខុសគ្នាផងដែរ ។
ម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូត ខុសគ្នាត្រង់ចំហេះប្រេងសាំង និងប្រេងម៉ាស៊ូត ។ ប្រេងសាំង គឺជាឥន្ធនៈងាយភាយជាចំហាយ ដូចនេះវាមានប្រសិទ្ធិភាពបំផុតក្នុងការលាយជាល្បាយជាមួយខ្យល់ ។ ជាលទ្ធផលគេគ្រាន់តែប្រើផ្កាភ្លើងដើម្បីបង្កើតចំហេះសព្វរវាងឥន្ធនៈ និងខ្យល់ប៉ុណ្ណោះ។ ប្រេងសាំងមានចំណុចឆេះនៅសីតុណ្ហភាពទាប ។ ចំណុចឆេះ គឺជាចំណុចដែលអាចឱ្យល្បាយឥន្ធនៈ/ខ្យល់ឆាបឆេះបានដោយខ្លួនឯងនៅសីតុណ្ហភាពទាបបំផុត ។
ចំណែកឯប្រេងម៉ាស៊ូត ជាឥន្ធនៈដែលមិនងាយភាយជាចំណាយ ។ អ្នកអាចកត់សម្គាល់បានថាប្រេងម៉ាស៊ូត គឺមានចំណុចឆេះខ្ពស់ ។ ប៉ុន្តែប្រសិនបើអាតូមប្រេងម៉ាស៊ូត បាញ់ចូលលាយជាល្បាយជាមួយខ្យល់ដែលមានសីតុណ្ហភាពខ្ពស់នៅពេលដំណាលគ្នានោះ ចំហេះនឹងកើតឡើង ។
នៅក្នុងម៉ាស៊ីនសាំង ល្បាយឥន្ធនៈ/ខ្យល់ត្រូវបានលាយទុកមុនពេលចំហេះ ប៉ុន្តែម៉ាស៊ីនម៉ាស៊ូត ល្បាយឥន្ធនៈ/ខ្យល់លាយគ្នានៅពេលចំហេះតែម្ដង ។ ដោយសារមូលហេតុនេះ ម៉ាស៊ីនម៉ាស៊ូតប្រើប៉ិចឥន្ធនៈ បាញ់ប្រេងម៉ាស៊ូតលាយជាមួយខ្យល់ក្តៅនឹងផ្ទុះឆេះ ចំណែកម៉ាស៊ីនសាំងប្រើឆ្នុកផ្លេក ដើម្បីបង្កើតផ្លេក ឬផ្កាភ្លើងដើម្បីបញ្ឆេះល្បាយប្រេងសាំង ៕