
សម្រាប់រឿងរ៉ាវដ៏អស្ចារ្យដែលមិនអាចនឹកស្មានដល់នេះ វាគឺបានកើតឡើងដោយលោក Justin White ដែលជាម្ចាស់ឆានែល Garage Avenger ដោយគាត់គឺបានប្រើប្រាស់នូវរយៈពេលដល់ទៅ ១៣ ខែឯណ្ណោះ ដើម្បីបង្កើតនូវរថយន្ត Toyota GR Yaris Rally1 មួយគ្រឿងដោយដៃរបស់គាត់ផ្ទាល់។

ចំពោះប្រវត្តិរបស់លោក Justin ដើមឡើយ លោកគ្រាន់តែជាអ្នកស្រឡាញ់ឡានម្នាក់ដែលមានបំណងចង់មានឡានប្រណាំង Rally មួយគ្រឿងផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែដោយសារឡានពិតមានតម្លៃថ្លៃពេក ហើយលោកក៏គ្មានប្រាក់គ្រប់គ្រាន់ ទើបលោកគិតចេញជាគំនិតមួយ ដោយសម្រេចចិត្តយកគ្រឿងបន្លាស់ឡាន cross-kart ចាស់ៗ និងម៉ាស៊ីនម៉ូតូធំ មកច្នៃធ្វើជាឡាន Toyota GR Yaris Rally1 ។

ក្នុងនោះ សម្រាប់នៅក្នុង Project បង្កើតឡាន Toyota GR Yaris Rally1 នេះ លោក Justin White ផ្ទាល់ គឺបានប្រើប្រាស់បំណែកតួ 3D Print រាប់រយផ្ទាំងឯណ្ណោះ ដើម្បីយកមកផ្គុំធ្វើជាតួខ្លួនឡានឱ្យដូចទៅនឹងឡានប្រណាំងពិតៗ។ ជាលទ្ធផល ឡាន Toyota GR Yaris Rally1 ដែលបង្កើតឡើងដោយលោក Justin White នេះ គឺមានរូបរាងដូចគ្នានឹងឡាន Toyota GR Yaris Rally1 ពិតៗអញ្ចឹង ប៉ុន្តែមានទំហំត្រឹមតែមួយភាគពីរនៃរថយយន្តដើមប៉ុណ្ណោះ ហើយវាគឺអាចរត់បានល្បឿនដល់ទៅ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយសារតែភាពអស្ចារ្យនេះហើយ បានធ្វើឱ្យលោកល្បីពាសពេញពិភពលោកតែម្តង។ ជាពិសេស គឺរហូតដល់ថ្នាក់ក្រុមហ៊ុន Toyota Gazoo Racing ផ្ទាល់ បានអញ្ជើញលោក និងឡានរបស់លោក ដើម្បីចូលរួមក្នុងកម្មវិធី WRC ក្នុងតំបន់ Monte Carlo ទៀតផង ហើយលោក Justin White ផ្ទាល់ ក៏ទទួលបាននូវឱកាសជិះសាកល្បងឡានប្រណាំង Rally1 ពិតៗផងដែរ៕

















