ឡានភីកអាប់អគ្គិសនី Tesla Cybertruck កាន់តែជិតដល់ពេលផលិតហើយ

[ទីផ្សារបរទេស] ទោះជាបានពន្យារពេលអស់ជាច្រើនមែន ប៉ុន្តែក្រុមហ៊ុន Tesla នៅតែបន្តការងារយ៉ាងសកម្មជាមួយការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck ដែលបានបង្ហាញរូបរាងដំបូងតាំងពីឆ្នាំ២០១៩មក។

បើតាមជំនួបប្រកាសអំពីប្រាក់ចំណូលរបស់ Tesla ដែលបានធ្វើឡើងកាលពីថ្មីៗនេះ Tesla បានបញ្ជាក់ថារថយន្ត Cyber​truck គឺស្ថិតតាមផែនការសម្រាប់ការផលិតនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយពេលនេះវាបានឈានដល់ដំណាក់កាលក្នុងការឌីហ្សាញ និងបង្កើតឧបករណ៍ដែលចាំបាច់សម្រាប់ការផលិតរថយន្តនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងដំណាក់កាលដែលមានឈ្មោះថា Tooling នេះ រោងចក្រ Giga Texas ដែលជារោងចក្រសម្រាប់ផលិតរថយន្ត Cybertruck បានត្រៀមខ្លួនដើម្បីចាប់ផ្ដើមការផលិតរថយន្តថ្មី។ រថយន្តផ្សេងៗគ្នាត្រូវការឧបករណ៍ផ្សេងគ្នាដើម្បីដំឡើងបាន ហេតុនេះទើបមានការត្រៀមនេះ។

ប្រសិនបើមានការផ្លាស់ប្ដូរអ្វីបន្តទៅមុខទៀត គេសង្ឃឹមថា Tesla នឹងមិនកែប្រែតម្លៃរបស់ Cybertruck នេះទេ ដោយកាលពី​ប៉ុន្មានខែមុន លោក Elon Musk បានទទួលស្គាល់ថារថយន្ត Cybertruck នឹងមិនមានតម្លៃក្រោម ៤ម៉ឺនដុល្លារនោះទេ។

ចាប់ពីបង្ហាញរូបរាងដំបូងមក មានគូប្រជែងធំៗជាច្រើនបានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីជាហូហែរដើម្បីហក់ចូលទីផ្សាររថយន្តភីកអាប់អគ្គិសនីបានមុខ Cybertruck ក្នុងនោះមានដូចជា Ford F-150 Lightning និងរថយន្ត Rivian R1T ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម