ការដំឡើងថ្លៃពន្ធលើយានយន្តប្រើប្រេងម៉ាស៊ូតរបស់រដ្ឋាភិបាលអង់គ្លេស ដែលទើបតែបានចូលជាធរមាន បានធ្វើឲ្យប៉ះពាល់ដល់រថយន្តប្រើម៉ាស៊ូតនានាដែលកំពុងដាក់លក់នៅលើទីផ្សារ។
ការប្រកាសដំឡើងពន្ធនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំមុនមកម្ល៉េះ ដោយអធិការបតីអង់គ្លេស លោក Philip Hammond ដែលជំរុញឲ្យរថយន្តម៉ាស៊ូតថ្មីដែលបានចុះបញ្ចីបន្ទាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨ ប្រឈមនឹងការបន្ថែមពន្ធពីលើទៀត។
ទោះជាយ៉ាងណាក៏ដោយ យានយន្តដែលអនុលោមទៅតាមស្តង់ដារ Euro 6d (Standard of Air Quality) ត្រូវបានលើកលែងចំពោះការបន្ថែមពន្ធនេះ ប៉ុន្តែបើយោងតាមរបាយការណ៍ Low Carbon Vehicle Partnership បានឲ្យដឹងថា បច្ចុប្បន្ននេះគ្មានរថយន្តថ្មីប្រើម៉ាស៊ូតដែលកំពុងលក់ណា ត្រូវតាមស្តង់ដារ Euro 6d នោះឡើយ។
សូមបញ្ជាក់ថា រថយន្តប្រើម៉ាស៊ូតថ្មីទាំងអស់នឹងត្រូវអនុវត្តតាមស្តង់ដារ Euro 6d ចាប់ពីឆ្នាំ ២០២០ ខណៈបច្ចុប្បន្ន រថយន្តម៉ាស៊ូតថ្មីដែលស្អាតបំផុតនៅលើទីផ្សារ មានត្រឹម ស្តង់ដារ Euro 6c ដែលជាការតម្រូវរបស់ទ្វីបអឺរ៉ុបប៉ុណ្ណោះ៕