ឡានវ៉ែនរបស់ក្រុមហ៊ុន Hyundai ចេញលក់ក្នុងប្រទេសថៃ ដោយតម្លៃចាប់ពី ៥ម៉ឺនដុល្លារ

កាលពីខែមេសាកន្លងទៅ រថយន្ត Hyundai Staria ឆ្នាំ២០២១ បានធ្វើការបង្ហាញរូបរាងជាផ្លូវការ ដែលវាជារថយន្តមានរូបរាងដូចជារថយន្តអនាគត នាពេលនេះក្រុមហ៊ុន Hyundai Thailand បានធ្វើការចេញលក់រថយន្តនេះជាផ្លូវការ ដែលវាជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍។

រូបរាងរបស់ Staria ស៊េរីឆ្នាំ២០២១ មានផ្នែកខាងមុខរាបស្មើដែលអមដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED និងអំពូលភ្លើងមួយជួរនៅពីលើឡូហ្គោ Hyundai ផងដែរ ហើយអំពូលភ្លើងបំភ្លឺផ្លូវនាពេលយប់ស្ថិតនៅជាប់កាងខាងក្រោមទាំងសងខាង។ រចនាបថប្លែកនៃរថយន្តបានបន្តទៅដល់ផ្នែកចំហៀង ដែលបង្អួចរបស់រថយន្តហាក់មានពង្រីកខ្លួនធំខុសប្លែកពីធម្មតា។ ចំណែកផ្នែកខាងក្រោយវិញមានបំពាក់អំពូលភ្លើងឲ្យសញ្ញារាងទ្រវែងជាលក្ខណៈបញ្ឈដែលជាអំពូលឌីហ្សាញបែប Parametric Pixel ស្រដៀងនឹងរថយន្ត Ioniq 5 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងដ៏ទំនើប វាបានបំពាក់ជាមួយកៅអីចំនួន ១១ ដោយកៅអីអ្នកបើកបរអាចបញ្ជាបាន ១២ទិសដៅ, កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥខ្សែ, រន្ធ USB ចំនួន ៧ និងដុំសាកថ្ម ១២វ៉ុល, កាំមេរ៉ាមួយជុំរថយន្ត ៣៦០ដឺក្រ, កញ្ចក់មើលក្រោយ ភ្ជាប់ដោយមុខងារការពារចំណាំងផ្លាត, ភ្លើងអំពូល LED, ទ្វាជំហៀងបើក ឬ បិទដោយស្វ័យប្រវត្តិ, ប្រព័ន្ធ Electric Handbrake with Auto Hold system, ពោងសុវត្តិភាពចំនួន ៦ និងកញ្ចប់សុវត្តិភាព ADAS។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៧៧សេះ ហើយអាចប្រើជាមួយប្រអប់លេខដៃ ៦វគ្គ ឬប្រើជាមួយលេខអូតូ ៨វគ្គ។

លើទីផ្សារប្រទេសថៃ រថយន្ត Hyundai Staria ឆ្នាំ២០២១ ផ្តល់នូវជម្រើស ២ម៉ូឌែលគឺ Staria S មានតម្លៃចាប់ពី ៥២ ៩៣៩ដុល្លារ និង Staria SEL មានតម្លៃចាប់ពី ៦១ ២០៦ដុល្លារ។ រថយន្តទាំងពីរម៉ូឌែលនេះ មានជម្រើពណ៌ ខ្មៅ(Abyss Black), ប្រផេះ(Shimmering Silver) និង ប្រផេះ (Steel Graphite)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម