[ទីផ្សារបរទេស] រថយន្តអគ្គិសនី ID. Buzz របស់ Volkswagen បានលក់ដាច់អស់លើទឹកដីអឺរ៉ុប មុនពេលដែលរថយន្តនេះចាប់ផ្ដើមការដឹកជញ្ជូនជូនអតិថិជនទៅទៀត ដោយការដឹកជញ្ជូននៅសល់ពេលប៉ុន្មានខែទៀតឯណោះ។
ការលក់ទុកមុនពេលនេះ បានឡើងដល់ ១ម៉ឺនគ្រឿង ដោយក្នុងនោះប្រទេសន័រវេសបានទិញយក ៣៤០០គ្រឿង, ប្រទេសអាល្លឺម៉ង់ ទិញយក ២៥០០គ្រឿង ខណៈដែលប្រទេសប៊ែលហ្សិក និងប្រទេសហូឡង់ ទិញយក ២១០០គ្រឿង។ នេះបើតាមការចុះផ្សាយរបស់ Automotive News Europe។
ត្បិតថាការផលិតរថយន្ត ID. Buzz បានចាប់ផ្ដើមកាលពីខែឧសភា ប៉ុន្តែអតិថិជនរំពឹងថានឹងបានរថយន្តនេះជិះនៅក្នុងខែតុលាខាងមុខសម្រាប់ទីផ្សារអឺរ៉ុប ខណៈដែលសហរដ្ឋអាមេរិកនឹងបានប្រើប្រាស់នៅដើមឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២២នេះ Volkswagen បានដាក់គោលដៅផលិតរថយន្ត ID. Buzz ឲ្យបាន ១៥ ០០០គ្រឿង និងដំឡើងដល់ ៦ម៉ឺនគ្រឿងនាឆ្នាំក្រោយ និងឆ្នាំបន្ទាប់គ្រោងផលិតឲ្យបាន ១៣ម៉ឺនគ្រឿង។ នេះមានន័យថារថយន្ត ID. Buzz អាចនឹងមានដាក់លក់វិញក្នុងពេលឆាប់ៗខាងមុខ៕