ក្រុមហ៊ុន Peugeot បានចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត 508 PSE (Peugeot Sport Engineered) ជាផ្លូវការ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយផ្តល់ជម្រើសតួខ្លួនចំនួន ២។
រថយន្ត Peugeot 508 PSE ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid នេះ នឹងមានតម្លៃចាប់ពី ៨០ ៩០០ដុល្លារ បូករួមទាំងពន្ធ សម្រាប់ប្រភេទតួខ្លួន Sedan និង ៨២ ៥០០ដុល្លារ សម្រាប់ប្រភេទ Wagon។
រថយន្ត 508 PSE គួបផ្សំរវាងម៉ាស៊ីនសាំង turbocharged ចំណុះ ១,៦លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ២៥៥សេះ។ វាដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ និងប្រអប់លេខអូតូ ៨វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះដែរ អាគុយទំហំ ១១,៥គីឡូវ៉ាត់ម៉ោង ដែលបំពាក់លើ 508 PSE អាចឲ្យវាបើកបរបានចម្ងាយ ៤២គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ ដោយឡែក ចំពោះប្រព័ន្ធ Hybrid របស់វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២លីត្រ/១០០គីឡូម៉ែត្រប៉ុណ្ណោះ៕