[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានប្រកាសចេញដំណឹងលម្អិតអំពីអាគុយលីចូមជំនាន់ថ្មីសម្រាប់ប្រើប្រាស់លើរថយន្តអគ្គិសនី ដែលត្រូវបានដាក់ឈ្មោះថាអាគុយ Gen6។
អាគុយដែលគ្រោងនឹងប្រើលើត្រកូលរថយន្ត Neue Klasse ចាប់ពីឆ្នាំ២០២៥តទៅ មានសមត្ថភាពបើកបរបានឆ្ងាយជាងអាគុយ Gen5 រហូតដល់ ៣០% ដែលមានន័យថាវាអាចបើកបរបានចម្ងាយដល់ ១០០០គីឡូម៉ែត្រ។ យ៉ាងណាក្ដីតំណាងក្រុមហ៊ុន BMW និយាយថាចម្ងាយបើកបរដល់ ១០០០គីឡូម៉ែត្រនេះ មិនមែនជាចម្ងាយបើកបរដ៏ចាំបាច់ឡើយ។
ក្រៅពីផ្ដល់ចម្ងាយបើកបរឆ្ងាយហើយនោះ អាគុយ Gen6 ក៏រំពឹងថាបង្កើនកម្លាំងសាកបានលឿនជាងមុន ៣០% ផងដែរ ដែលមានន័យថារថយន្តអគ្គិសនីរបស់ BMW ដែលប្រើអាគុយ Gen6 នឹងអាចគាំទ្រការសាកភ្លើងកម្លាំងប្រមាណ ២៧០kW ខ្លាំងដូចជា Porsche Taycan។
អាគុយ Gen6 នេះដែរ ត្រូវបានប៉ាន់ស្មានថាមានទម្ងន់ស្រាលជាងអាគុយជំនាន់មុនប្រមាណ ១០% ទៅ ២០% ដែលអាគុយ Gen5 គឺមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម សម្រាប់អាគុយដែលផ្ដល់ចម្ងាយបើកបរបានកម្រិតមធ្យម។
ទាក់ទងនឹងអាយុកាលរបស់អាគុយជំនាន់ថ្មីនេះដែរ BMW បានបញ្ជាក់ថា ក្រោយប្រើប្រាស់រយៈពេល១០ឆ្នាំ អាគុយនេះនៅតែអាចកាន់ថាមពលបានលើសពី ៨០%៕