[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុន General Motors លោក Mark Reuss បានប្រកាសនៅលើបណ្ដាញសង្គម LinkedIn បានរថយន្ត Cadillac Lyriq មួយគ្រឿងនៃការផលិតសាកល្បងបានរំកិលខ្លួនចេញពីសង្វាក់ផលិតកម្មដែលស្ថិតនៅរោងចក្រ Spring Hill ដែលនឹងជារោងចក្រផលិតរថយន្តអគ្គិសនីមួយនេះ។
រថយន្តអគ្គិសនីដំបូងរបស់ Cadillac ដែលមានប្រើប្រាស់គ្រោងឆ្អឹង Ultium នេះគឺជារថយន្តសំខាន់មួយសម្រាប់ម៉ាកយីហោនេះដែលបានវិនិយោគទុនយ៉ាងធំលើរថយន្តអគ្គិសនី។ សមិទ្ធផលថ្មីចុងក្រោយនេះមានន័យថា Cadillac នឹងអាចដឹកជញ្ជូនជូនអតិថិជននៅក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ។
ពេលចេញលក់ រថយន្ត Lyriq នឹងមានផ្ដល់ជម្រើសថាមពលតែមួយប្រភេទដែលមានប្រើអាគុយចំណុះ 100 kWh ជាមួយម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន ៣៤០សេះ និងបើកបរបានចម្ងាយប្រមាណ ៤៨២គីឡូម៉ែត្រ។
ក្នុងប្រភេទ Debut Edition រថយន្តនេះនឹងបំពាក់យ៉ាន់ទំហំ២០អ៉ីញ, ប្រព័ន្ធសំឡេង AKG ១៩គ្រាប់, មុខងារទប់សំឡេងរំខាន, ចង្កូតអាចកម្ដៅ, កៅអីអង្គុយខាងមុខអាចបត់បាន៨បែប និងអេក្រង់ទំហំ៣៣អ៉ីញដែលមានបញ្ចូលកុងទ័រ ជាមួយនឹងអេក្រង់កម្សាន្តរួចគ្នា៕