[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza បានធ្វើការដាក់ប្រកាសបញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Denza N7 EV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ មាន ៦ម៉ូឌែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៤១ ៦៧០ ដុល្លារ ដល់ ៥២ ៤៤០ ដុល្លារ ជាមួយការរំពឹងលក់នៅក្នុងខែកក្កដាចំនួន ៣ ០០០ គ្រឿង និង ៦ ០០០ គ្រឿងនៅក្នុងខែសីហា ឆ្នាំ ២០២៣ ។
សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ប្រើប្រាស់តួប្រភេទ Fastback coupe ដោយសង្កត់ធ្ងន់លើការរចនាដ៏ប្រណិតជាមួយនឹងប៉ាណាខាងមុខបិទជិត ជាប់សងខាងចង្កៀងមុខរាងជាសញ្ញាព្រួញ ត្រូវបានបំពាក់ដោយប្រព័ន្ធចាប់សញ្ញា lidar, កញ្ចក់ចំហៀងអេឡិចត្រូនិច ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាសញ្ញាព្រួញអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅខាងក្នុងរបស់ DENZA N7 បង្ហាញពីគំនិតភាសារចនាថ្មី នៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen មួយផ្ទាំងធំទំហំ ១៧,៣ អ៉ីញ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ ដំបូលកញ្ចក់ panoramic sunroof ទំហំធំ និងឧបករណ៍បំពងសំឡេងម៉ាក Devialet ចំនួន ១៦ ចំនុចជាដើម ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ ២ ប្រភេទគឺ ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយ blade battery របស់ BYD ទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៣០ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ blade battery របស់ BYD ទំហំ ៩១,៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញ ។ លើសពីម៉ាស៊ីនទាំង២ គាំទ្រដោយមុខងារសាកថ្មល្បឿនលឿនកម្លាំង ២២៦ គីឡូវ៉ាត់ ដោយសាកត្រឹម ១៥ នាទីអាចបើកបរបានចម្ងាយ ២៤០ គីឡូម៉ែត្រ ។