[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសចិន Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hongqi E-HS9 ជាផ្លូវការរួមមាន ៨ម៉ូដែលថ្មី ជាមួយតម្លៃលក់ចាប់ផ្តើមពី ៧៦ ១៨០ ដុល្លារ ដល់ ១១៦ ៥២៧ ដុល្លារ នៅក្នុងទិផ្សារប្រទេសចិន។
សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត Hongqi E-HS9 ត្រូវបានបំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំរំលេចជាមួយក្រូម៉េ រួមជាមួយនឹងឡូហ្គោ Hongqi ចង្កៀងមុខប្រភេទ LED matrix ថ្មីជាមួយនឹងអំពូលកាត់អ័ព្ទ 3-lens បញ្ឈរផ្តល់ធ្វើឲ្យរថយន្តនេះកាន់តែប្រណិតមួយកម្រិតថែមទៀត។ ចំណែកផ្នែកចំហៀងនៃរថយន្តមានភាពស្វាហាប់ មានស៊ុមកញ្ចក់បង្អួចតុបតែងជាមួយក្រូម៉េ ជាមួយទង់ក្រហមនៅលើកាតាប៊ូខាងមុខ ចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងតុបតែងដោយក្រូម៉េ កាងខាងក្រោយដ៏ធំជាមួយនឹងការតុបតែងក្រូម៉េផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ គ្របដណ្ដប់ដោយគ្រឿងបរិក្ខាជាច្រើនប្រភេទដូចជា បន្ទះឈើ ស្បែក កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ ទិសដៅ, កៅអីអ្នកដំណើរខាងមុខដែលអាចលៃតម្រូវបាន ៤ទិសដៅ, កៅអីជួរទី ២ អាចលៃតម្រូវបាន ៤ ទិសដៅ, ដៃចង្កូតដែលរចនាបែប classic, អេក្រង់ធំពីរនៅលើផ្ទៃតាប្ល៊ូ និងកុងសូលកណ្តាលជាមួយនឹងអេក្រង់បាញ់លើកញ្ចក់ AR HUD, ឧបករណ៍បំពងសម្លេងចំនួន ១៦ ចំនុច និងដំបូលកញ្ចក់បែប Panoramic Sunroof។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយប្រហែល ៦៩០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕