ឡានអគ្គិសនី Kia EV6 ត្រៀមដាក់លក់នៅប្រទេសក្បែរខាងកម្ពុជាឆ្នាំក្រោយនេះ

Thaco Auto ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Kia នៅវៀតណាម បានប្រកាសកាលពីថ្មីៗកន្លងទៅនេះអំពីផែនការដាក់លក់រថយន្តអគ្គិសនី EV6 នៅលើទីផ្សារប្រទេសវៀតណាមនៅត្រីមាសទី២ឆ្នាំក្រោយនេះ។

ប្រសិនបើផែនការអាចប្រព្រឹត្តិទៅដូចការគ្រោងទុក នោះ EV6 នឹងជារថយន្តអគ្គិសនីទី៣ដែលមានដាក់លក់នៅវៀតណាម បន្ទាប់ពីរថយន្ត Porsche Taycan និងរថយន្ត VinFast e34។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី ក្រុមហ៊ុនមិនបាននិយាយអំពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនីនោះទេ ជាពិសេសទាក់ទងនឹងស្ថានីយសាកភ្លើង រួមទាំងការកំណត់តម្លៃលក់ផងដែរ។

EV6 គឺជារថយន្តអគ្គិសនីដំបូងគេរបស់ Kia ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ដោយនៅកូរ៉េខាងត្បូងនៅថ្ងៃដំបូងមានអ្នកកុម្ម៉ង់ទិញរហូតដល់ ២១ ០០០គ្រឿង។ នៅសហរដ្ឋអាមេរិកឯណោះក៏ទទួលបានការចាប់ចិត្តខ្លាំង ដែល​តម្លៃនៅសហរដ្ឋអាមេរិកសម្រាប់ដាក់លក់ចាប់ពីដើមឆ្នាំ២០២២ គឺមានចាប់ផ្ដើមពី ៥៨ ៥០០ដុល្លា។

គួរដឹងថារថយន្តនេះអាចសាកភ្លើងពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី តាមរយៈដុំសាកល្បឿនលឿន ដែលមានន័យថាសាក ៥នាទី អាចបើកបរបានចម្ងាយ ១១៣គីឡូម៉ែត្រ ខណៈ​ដែលចម្ងាយបើកបរពេលសាកមួយពេញគឺប្រមាណ ៤៨២គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម