ខណៈពេលដែលក្រុមហ៊ុន Lexus កំពុងតែត្រៀមខ្លួនដើម្បីបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ដែលប្រើប្រាស់គ្រោងឆ្អឹងរថយន្តថ្មី ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើនេះបានបង្ហាញថា វានឹងផ្តោតលើដំណើរការ (performance) និង ការបើកបរ (driving dynamics)។
រថយន្តអគ្គិសនីដែលត្រៀមនឹងបង្ហាញខ្លួនថ្មីរបស់ Lexus គឺម៉ូដែល Lexus LF-Z Electrified Concept ស៊េរីឆ្នាំ២០២២ ហើយក្រៅពីនោះក៏មានរថយន្ត Hybrid, Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធយ៉ាងហោចណាស់ ១០ម៉ូដែលថ្មីទៀត នៅត្រឹមឆ្នាំ២០២៥។
គ្រប់ម៉ូដែលទាំងអស់នោះត្រូវបានគេរាយការណ៍ថា នឹងមានដំណើរការរត់ស្ទុះផ្លូវលាតត្រង់ដ៏អស្ចារ្យ និងការបើកបរផ្តោតខ្លាំង ដើម្បីឲ្យសមជាមួយនឹងភាសាឌីហ្សាញបែប Dynamic របស់ពួកគេ។
រថយន្ត Lexus LF-Z Electrified Concept មានកម្លាំងរហូតដល់ទៅ ៥៣៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
មិនតែប៉ុណ្ណោះ កញ្ចប់អាគុយអគ្គិសនីទំហំ ៩០គីឡូវ៉ាត់ម៉ោងរបស់វា នឹងអាចឲ្យវាបើកបរបានចម្ងាយដល់ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕