[ទីផ្សារបរទេស] អ្នកកាសែតនៃស្ថាប័ន What Car? ឈ្មោះថា Neil Winn និង Doug Revolta បានបង្កើតត្រាថ្មីមួយសម្រាប់ការឆ្លងកាត់ប្រទេសច្រើនជាងគេក្នុងពេល២៤ម៉ោង ជាមួយរថយន្តអគ្គិសនី ដោយអ្នកទាំងពីរបានធ្វើដំណើរទៅដល់ប្រទេសចំនួន១៤ឯណោះ។
ការធ្វើដំណើរបានធ្វើឡើងនៅអឺរ៉ុប ដោយចាប់ផ្ដើមពីប្រទេសហូឡង់ ឆ្លងទៅប្រទេសបែលហ្សិក, ប្រទេសលុចសំបួរ, ប្រទេសបារាំង, ប្រទេសអាល្លឺម៉ង់, ប្រទេសស្វីស, ប្រទេសលីនតេនស្ទីន, ប្រទេសអូស្ត្រាលី, ប្រទេសអូទ្រីស, ប្រទេសស្លូវៀនៀ, ប្រទេសហុងគ្រី, ប្រទេសបូស្នៀ និងប្រទេសស៊ែប៊ី។
សរុបទៅ អ្នកទាំងពីរបានធ្វើដំណើរចម្ងាយ ១៩៣០គីឡូម៉ែត្រ ជាមួយរថយន្តអគ្គិសនី Porsche Taycan ដោយបើកបរជាមធ្យមក្នុងល្បឿន ៩៨គ.ម/ម៉។ ការធ្វើដំណើរនេះក៏បានចំណាយពេលឈប់សម្រាកចំនួន៧លើកផងដែរ នៅឯស្ថានីយសាកភ្លើងល្បឿនលឿន ៣៥០kW។
ឆ្លងកាត់ការបើកបរនេះ អ្នកកាសែតទាំងពីររូបយល់ឃើញថាតំបន់អឺរ៉ុបនៅត្រូវការស្ថានីយសាកភ្លើងបន្ថែមទៀត ជាមួយរថយន្តអគ្គិសនីដែលកាន់តែមានភាពធន់មុននឹងរថយន្តនេះអាចចូលមកជំនួសរថយន្តប្រើម៉ាស៊ីនពីស្តុងបាន៕