ឡានអគ្គិសនី Rimac Nevera ក្លាយជាឡានអគ្គិសនីលឿនដាច់គេ ក្រោយអាចស្ទុះដល់ ៤១២គ.ម/ម៉

[ទីផ្សារបរទេស] រថយន្តអគ្គិសនីមហាកម្លាំង Rimac Nevera បានសាងភាពអស្ចារ្យថ្មីមួយទៀត នៅមជ្ឈមណ្ឌលធ្វើតេស្តរថយន្តនៅអាល្លឺម៉ង់ ដោយរថយន្តនេះអាចបើកបរបានដល់ល្បឿន ៤១២គ.ម/ម៉ ក្រោមថ្វីដៃបញ្ជារបស់ប្រធានធ្វើតេស្ត និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Rimac។

ដើម្បីអាចសម្រេចលទ្ធផលនេះបាន រថយន្ត Nevera បានប្រើប្រាស់មុខងារបើកបរល្បឿនលឿន ដោយរថយន្តអតិថិជនប្រើប្រាស់ទូទៅត្រូវបានកំណត់ល្បឿនត្រឹម ៣៥២គ.ម/ម៉ តាមបែបអេឡិចត្រូនិក។ យ៉ាងណាក្ដី Rimac បាននិយាយថាអតិថិជននឹងបានស្គាល់រសជាតិល្បឿនលឿននេះអំឡុងកម្មវិធីពិសេសមួយដែលរៀបចំឡើងដោយមានក្រុមការងារជំនួសពីក្រុមហ៊ុន Rimac។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណា Bugatti Chiron Super Sport នៅតែអាចរក្សាតំណែងជារថយន្តកំពូលល្បឿន ក្រោយពីអាចបើកបរបានដល់ល្បឿន ៤៩០,៤៨គ.ម/ម៉ កាលពីឆ្នាំ២០១៩ នៅទីលានសាកល្បងរបស់ក្រុមហ៊ុន Volkswagen។

ដោយឡែក ពេលគិតដល់ថារថយន្តអគ្គិសនីអាចលឿនជាងរថយន្ត Rimac Nevera គេពិបាករកឃើញគូប្រកួតប្រជែងណាស់។ ក្រុមហ៊ុន Lotus បានសន្យាថារថយន្ត Evija នឹងផ្ដល់ល្បឿនអតិបរមាបានដល់ ៣២២គ.ម/ម៉ ខណៈដែល Pininfarina Battista មានល្បឿនដល់ត្រឹម ៣៥០គ.ម/ម៉ និងរថយន្ត Nio EP9 ជិតបានត្រឹម ៣១២គ.ម/ម៉ ប៉ុណ្ណោះ។

នៅមានបេក្ខភាពខ្លាំងក្លាដែលមិនទាន់បង្ហាញវត្តមានគឺរថយន្ត Tesla Roadster ដែលទំនងជាលេចវត្តមាននៅឆ្នាំ២០២៣ ក្រោយពីបានពន្យារពេលអស់ជាច្រើនលើក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម