[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota bZ3 ជាម៉ូដែលទី ២ ក្នុងត្រកូលម៉ូដែលអគ្គិសនីថ្មីរបស់ម៉ាក ដែលជាការសហការជាមួយក្រុមហ៊ុន BYD និង FAW Toyota នៅក្នុងទីផ្សារប្រទេសចិន។
Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ម.ម។ BZ3 ដែលជាម៉ូដែលថ្មីមួយនៃត្រកូល Toyota bZ Series ដែលភ្ជាប់មកជាមួយការរចនាដ៏អស្ចារ្យ ដោយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខប្រភេទ LED រាងស្លីម និងរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលបន្ថែមរូបរាងកាន់តែស៊ីវីល័យ និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ដល់ ១៨ អ៊ីញជាដើម។
នៅខាងក្នុងរថយន្តអគ្គិសនីមានបំពាក់នៅប្រព័ន្ធ Digital Island របស់ Toyota ដែលជាអេក្រង់បញ្ឈរទំហំធំ ភ្ជាប់មុខងារ HVAC, ស្តេរ៉េអូ, និងមុខងារបើកឃ្លុបក្រោយ និងកុងទ័រព័ត៌មានឌីជីថលដែលមានទំហំតូចជាដើម។
រថយន្តអគ្គិសនី Toyota bZ3 នឹងមានសមត្ថភាពក្នុងការបើកបរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រ ដោយផ្អែកលើការធ្វើតេស្តសាកល្បង China Light-Duty Vehicle Test Cycle របស់ប្រទេសចិន។ ក្នុងនោះ BYD នឹងផ្គត់ផ្គង់អាគុយលីចូមផូស្វាតរបស់ម៉ូដែល ខណៈទំហំរបស់អាគុយនៅមិនទាន់បង្ហាញនៅឡើយទេ។
ជាមួយគ្នានេះ Toyota មិនទាន់បានបញ្ជាក់ពីថាមពលរបស់ម៉ូដែលនេះទេ ប៉ុន្តែ បើយោងតាមព័ត៌មានមុននេះពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន នឹងមានជម្រើសថាមពល ១៧៨ សេះ និង ២៣៨ សេះ ជាជម្រើសផងដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុន FAW Toyota នឹងផលិតរថយន្ត bZ3 នៅក្នុងប្រទេសចិន ហើយនឹងលក់រថយន្តនេះនៅក្រុមហ៊ុនចែកចាយរបស់ខ្លួននៅទីនោះ។ យោងតាមរបាយការណ៍ក្នុងខែកញ្ញា ក្រុមហ៊ុន Toyota នឹងអាចលក់រថយន្តអគ្គិសនីនៅអឺរ៉ុបចាប់ពីដើមឆ្នាំ ២០២៤ ។ សម្រាប់អំពីវត្តមាននៅក្នុងសហរដ្ឋអាមេរិកមិនទាន់មានព័ត៌មានណាមួយបង្ហាញនៅឡើយទេ៕