[ទីផ្សារបរទេស] ទិន្នន័យថ្មីពីសហគមន៍ក្រុមហ៊ុនរថយន្តនៅអង់គ្លេសហៅកាត់ថា SMMT បានបង្ហាញថាមានរថយន្តដោតភ្លើង (រថយន្តអគ្គិសនី និងរថយន្ត PHEV)ចំនួន ៣០៥ ០០០គ្រឿងបានលក់ចេញនៅអង់គ្លេសកាលពីឆ្នាំមុន ដែលមានចំណែក ១៨,៦% នៃទីផ្សាររថយន្តសុរប។
បើសិនរាប់បញ្ចូលទាំងរថយន្ត Hybrid ធម្មតា គេឃើញថាទីផ្សាររថយន្តដែលមានប្រើថាមពលអគ្គិសនីមានសរុប ២៧,៥% ខណៈដែលកាលពីឆ្នាំ២០២០ ទីផ្សាររថយន្តប្រភេទនេះមានត្រឹម ១៨% ប៉ុណ្ណោះ។
នៅឆ្នាំ២០២១កន្លងទៅនេះដែរ រថយន្តអគ្គិសនីសុទ្ធមានចំណែក ១១,៦% នៃទីផ្សារ ដែលស្មើនឹង ១៩០ ៧២៧គ្រឿង ដែលមានន័យថារថយន្តអគ្គិសនីដែលបានលក់ចេញនៅអង់គ្លេសឆ្នាំមុន គឺច្រើនជាងចំនួនលក់កាលពី៥ឆ្នាំមុនបូកបញ្ចូលគ្នាទៅទៀត។
យ៉ាងណាក្ដីទីផ្សាររថយន្តជារួម ហាក់មិនមានការផ្លាស់ប្ដូរខ្លាំងឡើយ ដោយមានកំណើនត្រឹម ១% ធៀបនឹងឆ្នាំ២០២០ ជាមួយចំនួនលក់សរុប ១,៦៥លានគ្រឿងនៅឆ្នាំ២០២១ ធៀបនឹងចំនួនលក់ ១,៦៣លានគ្រឿងនៅឆ្នាំ២០២០។
ខណៈដែលចំនួនលក់រថយន្តដោតភ្លើងបានកើនឡើងជាលំដាប់ រថយន្តប្រើថាមពលប្រេងសាំងនៅតែពេញនិយមជាងគេជាមួយចំណែកទីផ្សារ ៥៨,៥% ហើយរថយន្តម៉ាស៊ូតមានចំណែក ១៦% នៅពេញជាងរថយន្តអគ្គិសនីសុទ្ធនៅឡើយ៕