[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីលំដាប់កំពូលថ្មីម៉ូដែល Lucid Air Sapphire ក្នុងកម្មវិធី Monterey Car Week ដែលវានឹងជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់រថយន្ត Tesla Model S Plaid។
រថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីបីដូចជា Model S Plaid ដែរ ដោយមានម៉ូទ័រអគ្គិសនីចំនួនពីរនៅផ្នែកខាងក្រោយ និងមួយទៀតនៅផ្នែកខាងមុខ រួមបញ្ចូលគ្នាអាចផលិតកម្លាំងបានជាង ១២០០សេះ ប៉ុន្តែក្រុមហ៊ុន Lucid មិនបានបញ្ចេញលក្ខណៈសម្បត្តិលម្អិតនៅឡើយទេ។ ទោះយ៉ាងណា Lucid បាននិយាយថា Air Sapphire នេះគឺជារថយន្ត Sedan កម្លាំងខ្លាំងដាច់គេក្នុងលោក។
ការដាក់បន្ថែមម៉ូទ័រអគ្គិសនីទីបី អាចឲ្យរថយន្ត Air Sapphire ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលមិនដល់២វិនាទី និងអាចស្ទុះដល់ ១៦០គ.ម/ម៉ ក្នុងពេលក្រោម៤វិនាទី ហើយអាចរត់ក្នុងចម្ងាយ ៤០០ម៉ែត្រ ដោយប្រើពេលមិនដល់៩វិនាទីឡើយ។
រថយន្ត Air Sapphire នឹងត្រូវផលិតក្នុងចំនួនកំណត់មួយ ដោយនឹងមានតម្លៃចាប់ពី ២៤៩ ០០០ដុល្លារ លើទឹកដីសហរដ្ឋអាមេរិក ហើយការកក់ទុកនឹងបើកទទួលចាប់ពីថ្ងៃទី២៣ ខែសីហា ជាមួយការដឹកជញ្ជូនរំពឹងថានឹងចាប់ផ្ដើមឆ្នាំក្រោយនេះ៕