ឡានអគ្គិសនីកំពូលប្រណីតរបស់ Mercedes សាកម្ដងជិះបាន ៧៧០គីឡូម៉ែត្រ

ក្រុមហ៊ុន Mercedes-Benz បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី EQS ស៊េរីឆ្នាំ ២០២២ ដែលជារថយន្តអគ្គិសនីប្រណីតផុតលេខបំផុតរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។

រថយន្ត EQS នឹងមានជម្រើសចំនួនពីរប្រភេទគឺ EQS 450+ និង EQS 580 4MATIC ដែលរថយន្តទាំងពីរប្រភេទនេះនឹងមានបំពាក់ដោយអាគុយចំណុះ ១០៧,៨គីឡូវ៉ាត់ម៉ោងដូចគ្នា ដែលអាចឲ្យជិះបានចម្ងាយ ៧៧០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ យ៉ាងណាក្ដី Mercedes ក៏មានគម្រោងបញ្ចេញលក់ប្រភេទអាគុយចំណុះ ៩០គីឡូវ៉ាត់ម៉ោងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ EQS 450+ ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីទោលអាចផលិតកម្លាំងបាន ៣២៩សេះ ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ក្នុងពេល ៦,២វិនាទី។ ចំណែកឯប្រភេទ 580 4MATIC អាចផលិតកម្លាំងបាន ៥១៦សេះ ដែលអាចស្ទុះពីដល់ ១០០គ.ម/ម៉ក្នុងពេលត្រឹម ៤,៣វិនាទីប៉ុណ្ណោះ។

ចំពោះសមត្ថភាពសាកបញ្ចូលថាមពលរបស់រថយន្ត EQS គឺមានកម្លាំង ២០០គីឡូវ៉ាត់ ដែលអាចឲ្យរថយន្តជិះបានចម្ងាយ ៣០០គីឡូម៉ែត្រពេលសាកភ្លើងត្រឹម ១៥នាទី។

រថយន្តនេះមានបំពាក់ដោយបច្ចេកវិទ្យាទំនើបថ្មីៗដែលក្រុមហ៊ុនបានបំពាក់នៅលើរថយន្ត S-Class ជំនាន់ថ្មី ដែលក្នុងនោះមានដូចជាបច្ចេកវិទ្យា HUD ប្រភេទ AR, បច្ចេកវិទ្យា Drive Pilot ដែលអាចឲ្យរថយន្តបើកបរស្វ័យប្រវត្តិក្នុងល្បឿនដល់ ៦០គ.ម/ម៉ ជាមួយបច្ចេកវិទ្យាបើកបិទទ្វារស្វ័យប្រវត្តិផងដែរ។

នៅមិនទាន់អស់ទេ រថយន្តនេះក៏មាននូវតាប្លូប្រភេទ Hyperscreen ដែលមាន CPU ចំនួន៨គ្រាប់ និង RAM ទំហំ២៤GB ជាមួយមុខងារ MBUX ជំនាន់ចុងក្រោយផងដែរ ប៉ុន្តែវាគឺជា Option ដែលត្រូវបន្ថែមលុយ។ អ្វីដែលមានជាស្តង់ដារគឺអេក្រង់ផ្ដេកទំហំ ១២,៨អ៊ីញ។ ប្រសិនបើបន្ថែមលុយយក Hyperscreen នឹងមានការបំពាក់ដោយអេក្រង់ចំនួន៣ផ្ទាំងដែលសម្រួលដល់ការបញ្ជាទូទៅ។

រថយន្ត Mercedes-Benz EQS នេះនឹងបញ្ចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនៅអំឡុងចុងឆ្នាំ ដោយមិនទាន់មានការបង្ហើបឲ្យដឹងអំពីតម្លៃនៅឡើយទេ ប៉ុន្តែទំនងជាអាចមានចាប់ពី ១១ម៉ឺនដុល្លារឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម