ឡានអគ្គិសនីខ្នាតតូច ជិះបានគ្នាបួននាក់ តម្លៃត្រឹមជាង ៥ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន Jemmell New Energy បានប្រកាសចេញរថយន្តអគ្គិសនីខ្នាត​តូច​ម៉ូដែល​ថ្មីមួយ​ដែល​មាន​ឈ្មោះថា Lingbox Uni ជារថយន្តទ្វារបីដែលអាចផ្ទុកអ្នកដំណើរបានចំនួនបួននាក់។

រថយន្ត Lingbox Uni នេះមាន​ចែកចេញជាពីរប្រភេទដោយមានតម្លៃចន្លោះពី ៥៨០០ដុល្លារ ទៅ ៧៥០០ដុល្លារ ជា​តម្លៃ​ក្នុង​ទីផ្សារ​ប្រទេសចិន ហើយ​រូបរាងរបស់វាជាលក្ខណៈបែបខ្ជូតៗដូចជារថយន្តអគ្គិសនីខ្នាតតូចដទៃទៀតដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែង ២៩៣០ម.ម មាន​ទទឹង ១៥១៧ម.ម និងមានកម្ពស់ ១៦២០ម.ម ហើយប្រវែងពីកង់ទៅកង់ក្រោយ​របស់​វា​គឺ ១៩៤០ម.ម។ នៅផ្នែកខាងក្នុងមានរចនាបថពណ៌ពីរឆ្លុះគ្នា ដែលអាចទាក់ទាញចិត្តអតិថិជនជាយុវវ័យ។

រថយន្ត Lingbox Uni ដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០គីឡូវ៉ា់ និងមានល្បឿនអតិបរមា ១០០គ.ម/ម៉ ហើយ​វា​មាន​ប្រភេទអាគុយដែលបើកបរបានចម្ងាយ ១៤០គីឡូម៉ែត្រ រួមជាអាគុយដែលបើកបរ​បាន​ចម្ងាយ ២០១គីឡូម៉ែត្រ។

រថយន្តអគ្គិសនីខ្នាតតូចនេះនឹងក្លាយជាគូប្រជែងរបស់រថយន្តអគ្គិសនីខ្នាតតូចល្បីៗដទៃទៀតនៅ​ប្រទេសចិន ដូចជារថយន្ត Wuling Hongguang MINI EV, Cherry QQ Ice Cream, Fengguang MINIeV និងរថយន្ត Changan LUMIN ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម