ក្រុមហ៊ុនរថយន្តចិនបានបញ្ចេញលក់រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល E300 ដែលមានជាពីរប្រភេទ មានប្រភេទ E300 ធម្មតា និងប្រភេទ E300 Plus មួយមានតម្លៃចាប់ពីប្រមាណ ៩១៧០ដុល្លារ និងមួយទៀតតម្លៃចាប់ពីប្រមាណ ៩៨៨០ដុល្លារ។
រថយន្តទាំងពីរប្រភេទមានបំពាក់អាគុយទំហំ ៣១,៩ kWh ដែលអាចបើកបរបានចម្ងាយដល់ទៅ ៣០៥ គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ។ ប្រសិនបើប្រើប្រាស់ឌុយសាកល្បឿនលឿន វាអាចសាកដល់ ៨០% ក្នុងពេលមួយម៉ោង ប៉ុន្តែសម្រាប់ឌុយសាក 220V វិញ វាប្រើពេល ១៥ម៉ោង ដើម្បីសាកពេញ។
អាគុយរបស់រថយន្តផ្ដល់កម្លាំងដល់ម៉ូទ័រអគ្គិសនីមួយ ដែលបំពាក់នៅខាងក្រោយ អាចផលិតកម្លាំងបាន ៥៣សេះ ដែលអាចឲ្យរថយន្តបើកបរបានដល់ល្បឿនលឿនបំផុត ១០០គ.ម/ម៉។ ចំណុចខុសគ្នារវាងរថយន្តទាំងពីរប្រភេទគឺនៅលើទំហំ និងចំនួនផ្ទុកអ្នកដំណើរ។
E300 ធម្មតាមានប្រវែង ២៦២៥ម.ម ទទឹង ១៦៤៧ម.ម កម្ពស់ ១៥៨៨ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ១៧៥០ម.ម ដែលធ្វើឲ្យរថយន្តអាចផ្ទុកអ្នកដំណើរបានពីរ ឬបីនាក់ប៉ុណ្ណោះ។ ចំណែក E300 Plus វិញ មានប្រវែងពីកង់មុខទៅកង់ក្រោយ ២០២០ម.ម ប្រវែងសរុប ២៨៩៤ម.ម ទទឹង ១៦៥៥ម.ម និងកម្ពស់ ១៥៩៥ម.ម ដែលអាចផ្ទុកមនុស្សបាន ៤នាក់។
រថយន្ត Baojun E300 និង E300 Plus មានពណ៌ខាងក្រៅរចនាជាពីរពណ៌ ដោយពណ៌ខ្មៅផ្នែកខាងលើ អាចផ្គួបផ្សំជាមួយជម្រើសពណ៌នៃតួខ្លួនចំនួនប្រាំពណ៌ មានពណ៌ Starry White, Starry Sky Powder, Starship Gray, Interstellar Blue និង Star Flame Red៕