ម៉ាករថយន្តប្រណីត Genesis របស់កូរ៉េខាងត្បូងបានបង្ហាញចេញជាផ្លូវការនូវរថយន្ត Electrified G80 ស៊េរីឆ្នាំ ២០២២ នៅកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ដែលជារថយន្តអគ្គិសនីដំបូងបំផុតរបស់ម៉ាកនេះ។
រថយន្ត Electrified G80 នេះមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលគួបផ្សំគ្នាអាចផលិតកម្លាំងបាន ៣៦៥សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹមតែ ៤,៩វិនាទី។
Genesis ក៏បានបំពាក់នូវប្រព័ន្ធសាកភ្លើង 400V/800V ដែលអាចឲ្យអតិថិជនសាកភ្លើងតាមស្ថានីយសាកភ្លើងជាច្រើនប្រភេទ។ ក្រុមហ៊ុនមិនបានប្រាប់អំពីចំណុះអាគុយនៃរថយន្តនៅឡើយទេ ប៉ុន្តែបាននិយាយថាវាអាចបើកបរបានចម្ងាយលើសពី ៥០០គីឡូម៉ែត្រ ហើយអាគុយអាចសាកភ្លើងពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ២២នាទី។
ដើម្បីឲ្យរថយន្តនេះមានផាសុកភាពខ្ពស់បំផុតនោះ Genesis បានបំពាក់មុខងារ Active Noise Control-Road (ANC-R) ដែលអាចកាត់បន្ថយសំឡេងរំខានក្នុងកាប៊ីនរថយន្តតាមរយៈការវិភាគលើសំឡេងរំខាននៃដងផ្លូវជាមួយ Sensor ចំនួនបួន និងឧបករណ៍ស្រូបសំគេងចំនួន ៦ផងដែរ។
បញ្ជាក់ដែរថាតម្លៃរបស់រថយន្ត Electrified G80 ឆ្នាំ២០២២នេះ នៅមិនទាន់ប្រកាសចេញនៅឡើយទេ៕