ម៉ាកយីហោរថយន្តដំបូងរបស់វៀតណាម VinFast បានប្រកាសថាខ្លួននឹងចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ ដោយយកសហរដ្ឋអាមេរិកជាទីផ្សារគោលដៅ។ VinFast មានផែនការថានឹងបង្ហាញរថយន្តអគ្គិសនីនេះក្នុងកម្មវិធី Los Angeles Auto Show នាខែវិច្ឆិកាឆ្នាំ ២០២០ នេះ។
ក្រុមហ៊ុន VinFast នឹងប្រើប្រាស់អាគុយដែលផលិតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង LG Chem។ ក្នុងសេចក្ដីថ្លែងការណ៍ VinFast បានប្រកាសថា ៖ “យើងរំពឹងថានឹងបង្ហាញចេញរថយន្តអគ្គិសនីជាផ្លូវការនៅកម្មវិធី Los Angeles Auto Show ខែវិច្ឆិកា ឆ្នាំ ២០២០ រួចចាប់ផ្ដើមការសាកល្បងរថយន្តនៅខែមករា ឆ្នាំ ២០២១ ហើយការផលិតទ្រង់ទ្រាយធំនឹងធ្វើឡើងត្រឹមខែកក្កដា ឆ្នាំ ២០២១។”
រថយន្តអគ្គិសនីរបស់ VinFast ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនឌីហ្សាញរបស់អ៊ីតាលីឈ្មោះ Pininfarina ដោយវាអាចជិះបានចម្ងាយ ៥០០គ.ម ពេលសាកភ្លើងពេញ។ កាលពីខែមេសា ឆ្នាំ ២០១៩ ក្រុមហ៊ុន LG Chem បានបង្កើតក្រុមហ៊ុនដែលបង្កើតឡើងរួមគ្នាជាមួយ VinFast ដើម្បីផលិតអាគុយលីចូមសម្រាប់ម៉ូតូ និងរថយន្តរបស់ VinFast។
គួរដឹងថា VinFast អាចបញ្ចេញលក់រថយន្តបាន ៥១២៤គ្រឿង នៅត្រីមាសដំបូងនាឆ្នាំ ២០២០ ក្នុងទីផ្សារក្នុងស្រុក។ លទ្ធផលលក់នេះអាចឲ្យក្រុមហ៊ុនស្ថិតនៅលំដាប់លេខ ៥ នាំមុខម៉ាកយីហោដទៃដូចជា Mitsubishi, Mazda និង Ford។ រថយន្តដែល VinFast មានលក់បច្ចុប្បន្នមាន Lux SA2.0, Lux A2.0 និង Fadil៕