ឡានអគ្គិសនីណា ដែលពេញនិយមជាងគេនៅឆ្នាំ២០២១នេះ?

ក្នុងប្រទេសចិន រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini EV គឺជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេបំផុត ប៉ុន្តែបើក្រឡេកមើលទីផ្សារពិភពលោកវិញ លេខមួយគឺបានទៅលើរថយន្ត Tesla Model 3។

បើតាមទិន្នន័យដែលប្រមូលបានដោយ Uswitch បានបង្ហាញរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅតាមទីផ្សារជាច្រើនលើពិភពលោកគឺជារថយន្ត Tesla Model 3 ដែលលក់ដាច់ជាងគេនៅតាមប្រទេសចំនួន១០ កើនឡើងចំនួន ៤ប្រទេសធៀបនឹងឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Uswitch បានធ្វើការវិភាគលើទិន្នន័យមពីប្រទេស និងតំបន់ចំនួន៦១ ដោយក្នុងនោះម៉ាករថយន្ត Tesla ស្ថិតនៅលើតំណែងកំពូលក្នុងប្រទេស និងតំបន់សរុបចំនួន ២៤ប្រទេស នេះប្រសិនបើរាប់បញ្ចូលចំនួនលក់រថយន្តអគ្គិសនីទាំងអស់របស់ Tesla ដោយមិនរាប់តែម៉ូដែល Model 3។ ដោយឡែក Nissan និង Volkswagen ស្ថិតនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ ដោយមួយជាប់លេខមួយនៅក្នុងប្រទេសចំនួន១០ និងមួយទៀតជាប់លេខមួយក្នុងប្រទេសចំនួន៧។

រថយន្តដែលលក់ដាច់ជាងគេរបស់ Nissan គឺរថយន្តអគ្គិសនីម៉ូដែល Leaf ខណៈដែលរថយន្តលក់ដាច់ជាងគេរបស់ Volkswagen គឺរថយន្ត ID.4។

នៅអាស៊ីអាគ្នេយ៍ក៏មានប្រទេសមួយចំនួនបានលេចមុខក្នុងផែនទីទិន្នន័យរបស់ Uswitch ផងដែរ ដោយនៅប្រទេសថៃគេពេញនិយមរថយន្ត MG ZS EV ខណៈដែលនៅម៉ាឡេស៊ីពេញនិយមរថយន្ត BMW i3 និងនៅប្រទេសសិង្ហបុរីពេញនិយមរថយន្ត Skoda Enyaq៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម