Tata Motors បានបង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនី Nexon EV ជាប្រភេទរថយន្ត SUV ដែលមានតម្លៃចាប់ពីប្រមាណ ២១ ០០០ ដុល្លារ ទៅ ២៣ ៨០០ ដុល្លារ ជាតម្លៃលក់នៅឥណ្ឌា។
រថយន្តនេះដំណើរការដោយបច្ចេកវិទ្យា Ziptron ជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន។ វាបានថាមពលពីម៉ូទ័រអគ្គិសនីចំនួន ១ ដែលបង្កើតកម្លាំងបាន ១២៩ សេះ, អាគុយអាចផ្ទុកថាមពលបាន ៣០,២ គីឡូវ៉ាត់ម៉ោង។ ចំណាយពេល ៩,៩ វិនាទី វាអាចបង្កើនសន្ទុះបានពី ០-១០០ គ.ម/ម៉ ហើយសាកពេញអាចជិះបាន ៣០០ គីឡូម៉ែត្រ។
បច្ចេកវិទ្យា Ziptron គឺអាចធ្វើការសាកបញ្ចូលបានថ្មលឿន ដែល Tata អះអាងថាចំណាយពេលតែ ៦០ នាទី អាចសាកពី ០ ដល់ ៨០% ដោយប្រើប្រាស់នូវឌុយ IEC 62196 Type 2។ ចំពោះការសាកថ្មតាមឌុយ ១៥អំពែ ធម្មតាវិញ សាកមួយម៉ោង បាន ១០% ប៉ុណ្ណោះ។
រថយន្តនេះបានចាប់ផ្ដើមទទួលការកក់ពីពេលនេះ ដោយការដឹកជញ្ជូននឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ ២០២០។ រថយន្តទាំងអស់មានការធានា ៨ ឆ្នាំ ឬ ១៦ ម៉ឺនគីឡូម៉ែត្រ សម្រាប់អាគុយ និងម៉ូទ័រអគ្គិសនីរបស់វា៕