ឡានអគ្គិសនីថ្មីមួយ សាកម្ដងអាចជិះបានដល់ ៨៣២ គីឡូម៉ែត្រ

រថយន្ត Lucid Air របស់​ក្រុមហ៊ុន​អាមេរិក Lucid Motors នឹង​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ខាង​មុខ​នេះ ហើយ​ពេល​នេះ​ចម្ងាយ​បើកបរ​របស់​រថយន្ត​ត្រូវ​បាន​ប្រកាស​ចេញ​ជា​មុន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្រុមហ៊ុន Lucid Motors បាន​បញ្ជាក់​ថា​រថយន្ត Lucid Air មាន​ការ​ប៉ាន់​ស្មាន​ពី​ស្ថាប័ន EPA ថា​អាច​ជិះ​បាន​រយៈ​ចម្ងាយ ៨៣២ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។ ក្រុមហ៊ុន​និយាយ​ថា​តួ​លេខ​នេះ​គឺ​ទទួល​បាន​តាម​រយៈ​ការ​ធ្វើ​តេស្ត​ឯករាជ្យ​ជា​មួយ​ក្រុមហ៊ុន FEV North America ក្នុង​ទីក្រុង Auburn Hills រដ្ឋ Michigan ​ដែល​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ធ្វើ​តេស្ត​របស់​ស្ថាប័ន EPA។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជា​មួយ​ចម្ងាយ​ជិះ​បាន​ឆ្ងាយ​បែប​នេះ អាច​ឲ្យ​រថយន្ត​ Lucid Air ក្លាយ​ជា​រថយន្ត​អគ្គិសនី​ដែល​ជិះ​បាន​ឆ្ងាយ​ជាង​គេ​នៅ​សហរដ្ឋអាមេរិក ​ដោយ​​ជិះ​បាន​ឆ្ងាយ​ជាង​រថយន្ត Tesla Model S Long Range ​ដែល​មាន​រយៈ​ចម្ងាយ ៦៤៧​គីឡូម៉ែត្រ។

បន្ថែម​ពី​ការ​ជិះ​បាន​ឆ្ងាយ​នេះ​ដែរ រថយន្ត Lucid Air នឹង​អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​​មិន​ដល់ ២,៥​វិនាទី​នោះ​ទេ ហើយ​វា​អាច​ជិះ​បាន​ដល់​ល្បឿន​ជាង ៣២០ គ.ម/ម៉ ឯណោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម