[ទីផ្សារបរទេស] ក្រោយពីបានប្រកាសដំណឹងអំពីការបង្ហាញមុខរថយន្តម៉ូដែល Air ប្រភេទថ្មីក្នុងកម្មវិធី Monterey Car Week នាថ្ងៃទី១៩ ខែសីហាខាងមុខ ពេលនេះក្រុមហ៊ុន Lucid បញ្ជាក់ថារថយន្តប្រភេទថ្មីនេះនឹងមានម៉ូទ័រអគ្គិសនីសរុបចំនួនបីឯណោះ។
ដំណឹងអំពីរថយន្ត Lucid Air ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនបី បានលេចចេញតាំងពីអំឡុងខែកញ្ញាឆ្នាំ២០២០ ហើយរយៈពេលពីរឆ្នាំក្រោយ Lucid ទំនងជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសចេញរថយន្តអគ្គិសនីមហាកម្លាំងរបស់ខ្លួន ដែលនឹងជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់រថយន្ត Tesla Model S Plaid។
តាមវីដេអូខ្លីរបស់ Lucid បានឲ្យតម្រុយពីគ្រឿងមេកានិចមួយចំនួនដែលទំនងជាបង្ហាញអំពីក្រឡេក្រោយប្រើប្រាស់ម៉ូទ័រអគ្គិសនីភ្លោះអាចផលិតកម្លាំងបានជិត ១៣៤១សេះ។ បូកជាមួយម៉ូទ័រមួយនៅផ្នែកខាងមុខ អាចធ្វើឲ្យកម្លាំងសរុបឡើងដល់ប្រមាណ ១៦០៩សេះឯណោះ។
ជាមួយកម្លាំងដ៏មហិមានេះអាចធ្វើឲ្យរថយន្ត Lucid Air ប្រភេទថ្មី មានថាមពលខ្លាំងក្លាជាង និងស្ទុះជាងរថយន្ត Tesla Model S Plaid ដែលអាចមានន័យថាការស្ទុះពី ០ ដល់ ១០០គ.ម/ម៉ អាចចំណាយពេលមិនដល់ ២វិនាទីនោះទេ៕