[ទីផ្សារបរទេស] លក្ខណៈសម្បត្តិនៃរថយន្ត NIO ES7 ត្រូវបានបង្ហាញតាមរយៈក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន ដោយលំដាប់កំពូលនៃរថយន្តដែលប្រើអាគុយចំណុះ ១០០kWh អាចបើកបរបានចម្ងាយប្រមាណ ៦២០គីឡូម៉ែត្រ។
រថយន្ត NIO ES7 គឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ដែលមានប្រវែងពីកង់មុខទៅកង់ក្រោយស្មើនឹង ២៩៦០ម.ម ដោយវាមានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះនៅផ្នែកខាងក្រោយ អាចផ្ដល់កម្លាំងបានសរុប ៤៨០គីឡូវ៉ាត់។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉។
SUV នេះមានប្រើប្រាស់គ្រផងឆ្អឹង NT 2.0 ដែលវាមានចំណុចលេចធ្លោត្រង់ថាមានមុខងារបើកបរស្វ័យប្រវត្តិចំនួន១៩ចំណុចបំពាក់មកជាស្តង់ដារ ហើយបន្ថែមពីនេះវាមានប្រើប្រាស់ឈីប Nvidia Orin ចំនួនបួន ដែលមានសមត្ថភាពគណនាក្នុងល្បឿនរហូតដល់ ១០១៦ TOPS។
ES7 នេះមានអាគុយចំនួនបីប្រភេទដែលមានទំហំខុសគ្នា ដោយទីមួយគឺអាគុយ ៧០kWh អាចបើកបរបានចម្ងាយ ៤៤០គីឡូម៉ែត្រ បន្ទាប់មកគឺអាគុយ ៧៥kWh ដែលបើកបរបានចម្ងាយ ៤៥០គ.ម ឬ ៤៨៥គ.ម។ មួយប្រភេទទៀតមានអាគុយចំណុះ ១០០kWh ដែលអាចបើកបរបានចម្ងាយ ៥៧៥គ.ម ឬ ៦២០គ.ម។
រថយន្ត NIO ES7 នេះ ដើមឡើយមានផែនការថានឹងប្រកាសចេញក្នុងប្រទេសចិននៅខែមេសា ប៉ុន្តែក្រោយមកកាលបរិច្ឆេទប្រកាសចេញត្រូវបានលើកពេលជាបន្តបន្ទាប់ ហើយពេលនេះគេមិនច្បាស់ថារថយន្តនេះនឹងប្រកាសចេញជាផ្លូវការនាពេលណានោះទេ៕